ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថការិយាល័យព័ត៌មានទូទៅនៃស្នង ការដ្ឋានព័ត៌មាននិងសន្តិ សុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងដាក់លក់ម៉ូតូម៉ាក KTM ជាច្រើនគ្រឿង រំលោភលើសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRANDS CO., LTD. នៅចំណុចមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៦៦៣ យីហោ សួគ៌ សំរេច សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិ ការចុះបង្ក្រាបម៉ូតូម៉ាក KTM រំលោភសិទ្ធិនាំចូលផ្តាច់មុខនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅ នៃស្នងការដ្ឋានព័ត៌មាននិងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោក វរសេនីយ៍ឯក ទូច គង្គា បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRANDS CO., LTD. ដែលមានសិទ្ធិផ្តាច់មុខនាំចូលម៉ូតូម៉ាក KTM តាមលិខិតទទួលស្គាល់លេខ៤០៨៤ ពណកសប ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្ម និងលិខិត បញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មលេខ០៤៣៨ពណចបព ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្ម ទើបកម្លាំង របស់លោកធ្វើការស៊ើបអង្កេតតាមដានឈានដល់ការចុះបង្ក្រាបទីតាំងខាងលើនេះ ។
លោក វរសេនីយ៍ឯក ទូច គង្គា បានបន្តថា ការនាំចូលម៉ូតូម៉ាក KTM ដែលគ្មានច្បាប់ការអនុញ្ញាតបែបនេះពីក្រសួងពាណិជ្ជកម្ម គឺជាការរំលោភសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនដែលមានច្បាប់ អនុញ្ញាត និងជាការធ្វើពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ ។
សមត្ថ កិច្ចបានរឹបអូសយកម៉ូតូម៉ាក KTM ចំនួន១៧គ្រឿង ទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕