ខេត្ដប៉ៃលិន ៖ បុរសម្នាក់បានរង របួសធ្ងន់បន្ទាប់ពីមិត្ដភក្ដិម្នាក់ដែលផឹកស៊ីស្រវឹងរត់ទៅយកគ្រាប់ដែលមិត្ដភក្ដិម្នាក់ទៀតរើសបានពីចម្ការមកបង្ហាញ រួចក៏ភ្លាត់ដៃធ្លាក់បណ្ដាលឱ្យផ្ទុះ កាលពី វេលាម៉ោងជិត១២យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិសំបូរ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
បុរសដែលរងរបួសធ្ងន់ធ្ងរនោះត្រូវ គេឱ្យដឹងថា ឈ្មោះ ហេង ភេទប្រុស អាយុ២០ឆ្នាំ រងរបួសភ្លៅ ពោះ និងដៃ ត្រូវគេដឹកតាមរថយន្ដយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ដបាត់ដំបង ។ ចំណែក ម្ចាស់គ្រាប់បែកឈ្មោះ រឹត ផេន ភេទ ប្រុស អាយុ៣២ឆ្នាំ ជាកសិករ ។
បើតាមឈ្មោះ រឹត ផេន អះអាងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ មុនពេលកើតហេតុរូបគេបាននាំប្រពន្ធទៅ មើលចម្ការ ពេលទៅដល់ក៏ឃើញគ្រាប់ បែកមួយគ្រាប់ពណ៌ខ្មៅមានច្រែះរុំព័ទ្ធ ជុំវិញហើយក៏រើសយកទៅរក្សាទុកនៅ ក្រោមគ្រែរបស់ខ្លួន ។ ក្រោយមកនៅ វេលាយប់ ស្រាប់តែមានបុរសម្នាក់ ឈ្មោះមុត អាយុ៤៩ឆ្នាំ មកបបួលរូប គេនិងបុរសរងគ្រោះម្នាក់ទៀតឈ្មោះ ហេង ទិញ ស្រាបៀរកន្លះកេសនាំគ្នាផឹក ស៊ីរហូតដល់យប់ជ្រៅ ឈ្មោះ មុត បាន សួររូបគេថា តើមានគ្រាប់អីដើម្បីយក មកច្នៃសម្រាប់បោកត្រីឬទេ? ពេលនោះ រូបគេបានប្រាប់ថាកាលពីថ្ងៃរើសបាន គ្រាប់បែកមួយគ្រាប់ពេលនោះឈ្មោះ មុត ក៏សុំមើលហើយរូបគេក៏ស្ទុះទៅ យកមកឱ្យកាន់រួចដើរទៅបត់ជើងតូច ចម្ងាយប្រហែល២០ម៉ែត្រស្រាប់តែឮស្នូរផ្ទុះលុះពេលក្រឡេកមើលមកក្រោយឃើញឈ្មោះ ហេង ដួលរងរបួសស្រែក ឱ្យជួយ ។ ចំណែកឈ្មោះ មុត មិនបានរង របួសទេបានរត់គេចខ្លួនទៅផ្ទះបាត់ ស្រមោល ។ ភ្លាមៗនោះរូបគេក៏បាន លើកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្ដបាត់ដំបង ។ លុះមកដល់ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ រូបគេក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្ដង ។
លោកវរសេនីយ៍ទោ ឆម វ៉ាន់ធី បានឱ្យដឹងថា បុរសឈ្មោះ រឹត ផេន មាន កំហុសដោយសារតែរើសបានគ្រាប់បែក មិនព្រមយកទៅប្រគល់ឱ្យអាជ្ញាធរឬ សមត្ថកិច្ច តែបែរជាយកទៅទុកនៅ ក្រោមផ្ទះរបស់ខ្លួន លុះពេលជនបង្ក ឈ្មោះ មុត សុំមើលក៏យកទៅឱ្យគេ មើលបណ្ដាលឱ្យកាន់អត់ជាប់ធ្លាក់ផ្ទុះរង របួសបុរសឈ្មោះ ហេង ទៅវិញ ។
បើតាមលោក ឆម វ៉ាន់ធី ឈ្មោះ មុត ក៏មិនអាចរួចខ្លួនដែរ ព្រោះជា ជនបង្កហេតុជាអ្នកធ្វើឱ្យគ្រាប់បែកផ្ទុះ ឡើង ។ ដោយឡែកឈ្មោះ រឹត ផេន លោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ដដើម្បី កាត់ទោសតាមច្បាប់ ៕