ខេត្តពោធិ៍សាត់ ៖
យុវជន ៣នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នាលឿនដូចហោះ ជ្រុលទៅបុកជាមួយរថយន្តដឹកត្រី ធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង កាលពីម៉ោង ៧យប់និង១៥
នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៥ នៅក្នុងភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង ៣នាក់ ដែលបានស្លាប់បាត់បង់ជីវិត រួមមាន ១- ឈ្មោះ ណុប ប៊ុនធឿន អាយុ ២៤ឆ្នាំ, ២- ឈ្មោះ ភៀម រិទ្ធី អាយុ ២៣ឆ្នាំ និងទី៣-ឈ្មោះ ហាក់ ឌុម អាយុ ២២ឆ្នាំ ជនរងគ្រោះទាំង ៣នាក់ រស់នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះមូតូឌុបគ្នា ហើយបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត។
លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជ្រុល ទៅបុកចំពីមុខរថយន្តផ្នែកខាងឆ្វេង យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង ៣នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេលវាស់វែងរួច សពជនរងគ្រោះទាំង ៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី៕