ប្រទេសឥណ្ឌា ៖
បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយដុតខ្លួនឯង នៅក្នុងអំឡុងពេលធ្វើបាតុកម្មមួយដើម្បីតវ៉ាអំពីកម្មសិទ្ធិដីធ្លី ។ លោក Prabin Boro អាយុ ៤៥ ឆ្នាំ បានយក
សាំងមកចាក់ស្រោចលើរាងកាយ និងដុតខ្លួនឯង ស្ថិតនៅរដ្ឋ Assam ប្រទេសឥណ្ឌា បន្ទាប់រដ្ឋាភិបាលរដ្ឋនេះបានសម្រេចមិនផ្តល់តម្រូវការដីធ្លី ទៅឲ្យប្រជាជនដែលកំពុងរស់នៅលើតំបន់ភ្នំ ស្ថិតនៅក្បែរ Guwahati ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ ហ៊ីឌឺរ៉ាប៉ា
ដាយលីញូ
របស់ប្រទេសឥណ្ឌា។
តាមការរៀបរាប់ពីអ្នកស្រី Purnima ដែលត្រូវជាប្រពន្ធលោក Boro បាននិយាយថា គាត់នឹងទៅស្លាប់នៅពីមុខមហាជន ដែលជាទង្វើល្អសម្រាប់មនុស្សគ្រប់រូបបានមើលឃើញ ថ្វីបើអ្នកស្រីអង្វរកគាត់កុំឲ្យធ្វើបែបនេះក៏ដោយ ។ ថ្លែងទៅកាន់សារព័ត៌មាន Indian Express, អ្នកស្រីបាននិយាយថាៈ “នៅពេលគាត់ចាប់ផ្តើមទៅចូលរួមធ្វើបាតុកម្ម ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់នឹងបូជាជីវិតនៅថ្ងៃនេះ ដើម្បីឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ” ។
“ខ្ញុំបានប្រាប់ គាត់កុំឲ្យទៅធ្វើរឿងបែបនេះអី ព្រោះកូនទាំង៣របស់យើងគ្មានទីពឹងទៀតទេ ប្រសិនបើគាត់ស្លាប់នោះ ។ ប៉ុន្តែប្តីរបស់ខ្ញុំបាននិយាយថា គាត់ត្រូវតែស្លាប់ឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅចំពោះមុខមហាជនដែលមកទាមទារតម្រូវការដីធ្លីនេះ” ។
ពេលនេះអ្នកស្រី Purnima បានចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងទៅនឹងអ្នកនយោបាយ ២ រូប (ប្រធានរដ្ឋមន្ត្រី Tarun Gogoi និងរដ្ឋមន្ត្រីក្រសួងប្រាក់ចំណូល Prithibi Majhi) ដោយអះអាថា ការសម្រេចចិត្តរបស់ពួកគេបាននាំឲ្យប្តីរបស់គាត់ស្លាប់ ។ គ្រាដែលការស្លាប់របស់ Boro បានលេចឡើយនោះ ការតវ៉ាក៏បានរីករាលដាលទូទាំងរដ្ឋតែម្តង ដែលមានសកម្មជនឡើងដល់៦០ នាក់ ហើយត្រូវបានចាប់ខ្លួន ខណៈពួកគេបានបិទផ្លូវហាយវ៉េសំខាន់១ និងផ្លូវរថភ្លើងជាច្រើនខ្សែ ៕