ខេត្តរតនគិរី ៖
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល ៤នាក់ បន្ទាប់ពីម៉ូតូ ២គ្រឿង បានបោលបុកគ្នា កាលពីវេលាម៉ោង ៣និង៣០ នាទី រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៧៨ ស្ថិតនៅ
ក្នុងភូមិផ្អ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ហើយសមត្ថកិច្ចមូលដ្ឋាន បានជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសង់ស៊េរី១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 1AA-6538 និងម៉ូតូឌ្រីមសង់ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3551 បើកបរក្នុងទិសដៅស្របគ្នា ពីកើតមកលិច ពោលគឺចូលក្រុងបានលុង មិនដឹងជាមានរឿងអ្វី ស្រាប់តែអ្នកជិះម៉ូតូឌ្រីមពាក់ស្លាកលេខ 1BD-3551 បុកពីក្រោយ អ្នកជិះម៉ូតូឌ្រីមពាក់ស្លាកលេខ ភ្នំពេញ 1AA-6538 យ៉ាងពេញទំហឹងតែម្តង។ សមត្ថកិច្ចដែលចុះ ទៅវាស់វែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយសារតែអ្នកជិះម៉ូតូ ឌ្រីមសង់ ស៊េរី២០១២ បើកបរខ្វះការប្រុងប្រយ័ត្ន។
អ្នកជិះម៉ូតូឌ្រីមសង់ ស៊េរី២០១២ មានឈ្មោះ រចំ គ្រី អាយុ ៤០ឆ្នាំ ជនជាតិទំពួន ស្នាក់នៅភូមិយ៉ាសោម ឃុំសើង ស្រុកបរកែវ បានស្លាប់បាត់បង់ជីវិត រួមដំណើរជាមួយស្ត្រីម្នាក់ឈ្មោះ រចំណាត់ អាយុ ៤១ឆ្នាំ ជនជាតិច្រាយ ត្រូវជាបងថ្លៃសពជនរងគ្រោះ រងរបួសធ្ងន់ និងក្មេងស្រីម្នាក់ឈ្មោះ រចំ ជ្វីន អាយុ ៥ឆ្នាំ របួសស្រាល។ ចំណែកឯអ្នកជិះម៉ូតូ ឌ្រីមស៊េរីឆ្នាំ១៩៩៩ មានឈ្មោះ សល់ ផឺន អាយុ ៥០ឆ្នាំជនជាតិទំពូន របួសស្រាលរួមដំណើរ ជាមួយប្រពន្ធ មានឈ្មោះ រចំ ណាត់ អាយុ ៤១ឆ្នាំ ជនជាតិច្រាយ របួសធ្ងន់ ហើយ ២នាក់ប្តីប្រពន្ធនេះ ស្នាក់នៅភូមិ ម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស៕