ខេត្តកណ្ដាល ៖
ក្មេងស្រីជំទង់ម្នាក់ ជាសិស្សសាលា បានសម្រេចចិត្តចាកចេញ ពីផ្ទះសម្បែង ផ្អាកការសិក្សា ហើយទៅរស់នៅជាមួយ សង្សារជាទីស្រឡាញ់របស់ខ្លួន ត្រឹមជាកម្មករនៅហាងលក់នំប៉័ង មួយកន្លែង ហើយសុខចិត្តទ្រាំរស់នៅ
ក្នុងផ្ទះជួលដ៏តូចមួយ តម្លៃត្រឹម ២៥ដុល្លារ ស៊ីអត់ស៊ីឃ្លាន យ៉ាងលំបាកវេទនា។ ក្រោយមកឪពុកម្ដាយខាងស្រី តាមមកបំបែក ដោយសារតែមិនចង់ ឱ្យកូនស្រីរបស់ខ្លួន យកប្ដីត្រឹមជាកម្មករលក់នំប៉័ង មានប្រាក់ខែត្រឹម ៣០ម៉ឺនរៀល នោះទេ ហើយឪពុកម្ដាយខាងស្រី បានចោទថា យុវជនដែលកូនស្រីរបស់ខ្លួនរត់តាមនោះ គឺជាមនុស្សញៀនថ្នាំ។
មន្ដ្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះ តួប្រុសមានឈ្មោះ អ៊ី ណាក់ អាយុ ២០ឆ្នាំ កើតក្នុងត្រកូលគ្រួសារក្រីក្រ ធ្វើជាកម្មករលក់នំប៉័ង ជួលផ្ទះស្នាក់នៅម្ដុំបឹងត្របែក និងតួស្រីមានឈ្មោះ មរកត អាយុ ១៩ឆ្នាំ មុខរបរជាសិស្សសាលា ជាកូនអ្នកមានមុខ មានមាត់ និងជីវភាពយ៉ាងធូរធា នៅក្រុងតាខ្មៅ បានស្គាល់គ្នា តាមរយៈការច្រឡំលេខទូរស័ព្ទ តាំងពីឆ្នាំ២០១២ បន្ទាប់មកពួកគេទាំងពីរ បានទាក់ទងគ្នាជាញឹកញាប់ រហូតធ្វើឱ្យនារីជាសង្សារ កាន់តែលង់ស្នេហ៍ខ្លាំងឡើងៗ ទើបនាងដាច់ចិត្ដឈប់ រៀនសូត្រ និងរត់ចេញពីគ្រួសារ ចាកចោលឪពុកម្ដាយបងប្អូន ទៅរស់នៅជាមួយតួប្រុស ក្នុងបន្ទប់ជួលដ៏តូចមួយ។
ហេតុតែក្តីស្រឡាញ់អស់ពីបេះដូង ពួកគេបានទ្រាំរស់ ក្នុងបន្ទប់ជួលមួយដ៏តូច ហើយតួប្រុសមានប្រាក់ខែ ៣០ម៉ឺនរៀល មិនអាចផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃបានទេ ទើបនារីជាសង្សារ បាន សម្រេចចិត្ដ ទៅបម្រើការងារ ជាអ្នកចាប់ទឹកកក នៅក្នុងហាងខារ៉ាអូខេមួយ ទទួលបានប្រាក់ ខែ ១០០ដុល្លារ ក្នុងមួយខែ ដើម្បីយកមកបំពេញការខ្វះខាត។ ស្រាប់តែនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ឪពុកម្ដាយខាងស្រី ដែលខិតខំស្វះស្វែងរកកូន រយៈពេល ២ខែមកហើយនោះ ប្រទះឃើញហើយបាន នាំពួកគេទាំង២ នាក់ មកកាន់អធិការដ្ឋាន នគរបាល ក្រុងតាខ្មៅ ដើម្បីឱ្យសមត្ថកិច្ច ជួយសម្របសម្រួល និងដោះស្រាយ។
យ៉ាងណាក៏ដោយសមត្ថកិច្ច មិនបានឃាត់ខ្លួនតួឯងប្រុសនោះទេ គ្រាន់តែធ្វើការណែនាំ និងឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ហើយតួប្រុសបានយល់ព្រម ធ្វើកិច្ចសន្យាឈប់ទាក់ទង ជាមួយគូស្នេហ៍ ហើយខាងស្រីក៏បាន សន្យាជាមួយម្ដាយថា និងត្រឡប់ទៅនៅផ្ទះវិញ ដោយឈប់ ទាក់ទង ជាមួយសង្សាររបស់ខ្លួន តែការសន្យារបស់ពួកគេ ធ្វើឡើងដោយបង្ខំ កុំឲ្យមានការចាប់ឃុំខ្លួន តួឯកប្រុសប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ យុវតីទាំងអស់ មិនត្រូវភ្លើតភ្លើន ភ្លេចការរៀនសូត្រ ភ្លេចផ្ទះសម្បែង រត់ចោលឪពុកម្ដាយ បែបនេះទេ៕