ខេត្ដបន្ទាយមានជ័យ ៖
ប្ដីហេងស៊យមិនចេះធ្វើការអ្វី ក្រៅពីផឹកស្រាស្រវឹង មកដល់ផ្ទះរករឿង បង្កជម្លោះក្នុងគ្រួសារ បានលបចាក់សាំងដុតសម្លាប់ ប្រពន្ធ កូន ប្អូនថ្លៃស្រី និងម្ដាយក្មេក បណ្តាលឲ្យរងរបួសរលាករលួយ បង្កឱ្យមានការភ្ញាក់ផ្អើល
ដល់អ្នកភូមិ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៤ នៅភូមិចំបក់ ឃុំបឹងបេង ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ហើយជនរងគ្រោះទាំង ៤នាក់ ត្រូវបានអ្នកជិតខាង បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ជនសង្ស័យជាប្ដី ក្រោយពេលបង្កហេតុ បានរត់គេចខ្លួនមានឈ្មោះ សូរ ជា អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ហើយជនរងគ្រោះ ៤នាក់ដែលរងរបួសរួមមាន ប្រពន្ធឈ្មោះ ភួង ផាន់នី អាយុ ២២ឆ្នាំ រងរបួសស្រាល ឈ្មោះ ភួង ផានិត អាយុ ២០ឆ្នាំ ជាប្អូនស្រីបង្កើតរបស់ឈ្មោះ ភួង ផាន់នី រងរបួសស្រាល។ ចំណែកកូនស្រីឈ្មោះ ពៅ កក្កដា អាយុ ៥ឆ្នាំ រងរបួសធ្ងន់ ជាកូនបង្កើតជនសង្ស័យ និងម្ដាយក្មេកឈ្មោះ ផាន មាន អាយុ ៥៩ឆ្នាំ រងរបួសស្រាល។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងប្រពន្ធ បានឈ្លោះប្រកែកគ្នា ព្រោះតែបុរសជាប្ដី បានយកម៉ូតូទៅលក់ ដើរស៊ីចាយ មិនគិតគូផ្ទះសម្បែង។ លុះដល់ម៉ោងកើតហេតុ អ្នកជិតខាងបានឮ ជនរងគ្រោះស្រែកឱ្យគេជួយ ក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញភ្លើងកំពុង ឆាបឆេះនៅក្នុងផ្ទះ ទើបនាំគ្នាជួយពន្លត់ ភ្លាមៗផងដែរ។ សមត្ថកិច្ចកំពុងស្វែងរក ជនសង្ស័យដើម្បីនាំខ្លួនទៅផ្ដន្ទាទោស ព្រោះនេះជាករណី មនុស្សឃាតដោយចេតនា អាចផ្ដើមចេញពីរឿងប្ដីប្រចណ្ឌប្រពន្ធផងដែរ៕