ភ្នំពេញ៖ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភ្នំពេញ មកពីសហគមន៍បុរីកីឡា បឹងកក់ និងថ្មគោល ប្រហែល ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញជាថ្មីម្ដងទៀត នៅថ្ងៃទី២០ មីនា ដើម្បីទាមទារសំណងសមរម្យ ជាថ្នូរនឹងការបណ្ដេញចេញដោយបង្ខំ។
តំណាងសហគមន៍ត្រូវបានអនុញ្ញាតឲ្យចូលជួបមន្ត្រីនាយរងរដ្ឋបាល សាលារាជធានីភ្នំពេញ លោក ចាន់ យ៉ាដា ដើម្បីចរចាគ្នាអំពីការទូទាត់សំណង។ បន្ទាប់ពីបានជួបចរចាគ្នារួចមក សាលារាជធានីភ្នំពេញបានយល់ព្រមសង់ជម្រកជូនសហគមន៍បុរីកីឡា បណ្ដោះអាសន្ន ទម្រាំមានលទ្ធភាពសង់អគារថ្មជូនពួកគាត់។
ក៏ប៉ុន្តែ អ្នកបុរីកីឡា ដែលកំពុងតវ៉ាពេលនេះមានចំនួនប្រហែល ៧០គ្រួសារ បានខ្វែងគំនិតគ្នា។ ខ្លះបានយល់ព្រម ហើយខ្លះទៀតមិនយល់ព្រម។
ក្រុមអ្នកបុរីកីឡា ខាង អ្នកស្រី ស ស៊ន បានយល់ព្រមទទួលសំណង់បណ្ដោះអាសន្ននេះ ព្រោះយល់ថា ការរស់នៅសព្វថ្ងៃបិទបាំងដោយតង់កៅស៊ូមិនមានសុវត្ថិភាព។ចំណែកក្រុម អ្នកស្រី ឆាយ គឹមហ៊ន មិនព្រមទទួលសំណង់ថ្មីនោះទេ ព្រោះគាត់មិនទុកចិត្តសាលារាជធានីភ្នំពេញ មិនគោរពពាក្យសន្យា។
អ្នកស្រី អាត់ សំណាង បានគាំទ្រគំនិត អ្នកស្រី ឆាយ គឹមហ៊ន ដោយគាត់យល់ថា ការយល់ព្រមរបស់ អ្នកស្រី ស ស៊ន គឺធ្វើឲ្យការតូច ខូចការធំ ឬអាចនាំឲ្យមន្ត្រីសាលារាជធានីភ្នំពេញលែងអើពើរឿងសំណង់ ដែលសាលារាជធានីគ្រោងសង់ឲ្យពួកគាត់ចំនួន ២អគារ នៅពេលខាងមុខនេះ។
សព្វថ្ងៃ ប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡា ៧២គ្រួសារ ដែលបានក្រាញននៀលពីការបណ្ដេញចេញរយៈពេលកន្លងមក កំពុងបោះជំរំ និងបោះតង់រស់នៅក្បែរគំនរសំរាមក្នុងបរិវេណបុរីកីឡា យ៉ាងវេទនា។
ដោយឡែកនៅថ្ងៃទី២០ មីនា ដែរ អ្នកភូមិបឹងកក់ ពីរនាក់ទៀត គឺអ្នកស្រី ង៉ែត ឃុន និងលោក លី ប៉េង ដែលសាលារាជធានីបានណាត់ជួបចរចាលើការទាមទារសិទ្ធិកាន់កាប់ប័ណ្ណ កម្មសិទ្ធិលំនៅឋាន ក្នុងសហគមន៍បឹងកក់ នោះ ត្រូវបានលើកថ្ងៃវិញ ដោយមន្ត្រីសាលារាជធានីភ្នំពេញ អាក់អន់ចិត្ត ព្រោះសំអាងថា ពួកគាត់ទាំងពីរនាក់បានលើកគ្នាមកច្រើននាក់ពេក។
យ៉ាងណា ប្រជាពលរដ្ឋសហគមន៍បុរីកីឡា អះអាងថា មន្ត្រីសាលារាជធានីភ្នំពេញ នឹងចុះទៅពិនិត្យការដ្ឋានចាប់ផ្ដើមសាងសង់សំណង់បណ្ដោះអាសន្ននៅពេល ឆាប់ៗនេះហើយ៕
