ជាការលើកឡើងក្រោយពេលមានពន្លឺបន្តិចបន្តួចពីមន្ត្រីសាលាក្រុងថា អាជ្ញាធរនឹងដោះស្រាយបញ្ហាដីធ្លីរបស់ក្រុមអ្នកភូមិបឹងកក់ឲ្យបានឆាប់បំផុតតាមការដែលអាចធ្វើបាន។ ក្រុមអ្នកបឹងកក់មានជំលោះបញ្ហាដីធ្លីដែលនៅសល់៤០គ្រួសារនៅបឹងកក់បានលើកឡើងថា ពួកគេនឹងមិនចូលទៅជួបមន្ត្រីសាលាក្រុងឡើយ ប្រសិនបើសាលារាជធានីភ្នំពេញមិនព្រមឲ្យសង្គមស៊ីវិល និងអ្នកស្រីទេព វន្នីតំណាងអ្នកភូមិបឹងកក់ចូលរួមជាមួយ។
អ្នកស្រីង៉ែត ឃុនប្រជាពលរដ្ឋតំបន់បឹងកក់ ដែលជាស្ត្រីវ័យចំណាស់ជាងគេ នៅពេលចេញតវ៉ាម្តងៗនិយាយថា អ្នកស្រី និងក្រុមអ្នកភូមិរបស់អ្នកស្រីនឹងមិនព្រមឡើយ បើសាលារាជធានីមិនឲ្យអ្នកស្រីទេព វន្នី ចួលជួបជាមួយគ្នានោះ។
និយាយទាំងដាច់អហិង្សានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០មីនានេះ អ្នកស្រីង៉ែត ឃុន បានបញ្ជាក់ថាមន្ត្រីសាលារាជធានីភ្នំពេញបានហៅអ្នកស្រីមកដោះស្រាយ និងព្រមឲ្យសង្គមស៊ីវិល និងគ្រួសារអ្នកស្រីចូលពិភាក្សាដោះស្រាយបញ្ហាដី ប៉ុន្តែហេតុអ្វីសាលារាជធានី មិនព្រមឲ្យតំណាងបឹងកក់ចូល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០មីនាមន្ត្រីសាលារាជធានីភ្នំពេញបានកោះហៅប្រជាពលរដ្ឋ២គ្រួសារ ចូលជួបនៅសាលាក្រុងដើម្បីដោះស្រាយបញ្ហាដីធ្លីដែលជាប់គាំងនៅបឹងកក់ជិត១០ឆ្នាំមកនេះ។ តែការជួបចរចាលើកនេះនៅតែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយដោយសារតែ គម្រោងដំណោះស្រាយរបស់សាលាក្រុង ត្រូវបានផ្អាកវិញ៕
