នាយករដ្ឋមន្ដ្រីនេប៉ាល់លោក Sushil Koirala មានភាពល្បីល្បាញពីការរស់ នៅតាមបែបជីវិតសាមញ្ញ ដោយគ្មាន ទ្រព្យសម្បត្ដិណាផ្សេងក្រៅពីទូរស័ព្ទដៃ ២គ្រឿង ។
មន្ដ្រីនេប៉ាល់ដែលទទួលបន្ទុកត្រួត ពិនិត្យទ្រព្យសម្បត្ដិមន្ដ្រីរាជការក្នុងនោះមានទាំងនាយករដ្ឋមន្ដ្រី Koirala មិន ដឹងថា ត្រូវប្រកាសបែបណានោះឡើយ ក្រោយពីត្រួតពិនិត្យឃើញថានាយករដ្ឋមន្ដ្រីគ្មានទ្រព្យសម្បត្ដិណាមួយក្រៅពី ទូរស័ព្ទដៃ២គ្រឿង ។
សារព័ត៌មានឥណ្ឌា Press Trust of India បានដកស្រង់សម្ដីលោក Basanta Gautam អគ្គលេខាធិការរបស់នាយក រដ្ឋមន្ដ្រីនេប៉ាល់បានឱ្យដឹងថា “នាយក រដ្ឋមន្ដ្រី Koirala គ្មានផ្ទះផ្ទាល់ខ្លួន គ្មាន កម្មសិទ្ធិដីធ្លី ហើយក៏គ្មានភាគហ៊ុនណា មួយជាមួយក្រុមហ៊ុនទាំងក្នុងនិងក្រៅ ប្រទេស ។ លោកក៏គ្មានរថយន្ដគ្មាន គណនីក្នុងធានាគារ និយាយរួម លោក គ្មានអ្វីទាំងអស់”។ លោកបន្ដទៀតថា នាយករដ្ឋមន្ដ្រី Koirala អាយុ៧៥ឆ្នាំ គ្មានទ្រព្យសម្បត្ដិ ណាមួយដែលលោកឈរឈ្មោះនោះឡើយ ។
សារព័ត៌មានឥណ្ឌាបានបញ្ជាក់ទៀតថា លោក Koirala នៅតែរក្សាការ រស់នៅតាមលក្ខណៈជាអ្នកក្រចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី នេប៉ាល់នៅខែកុម្ភៈឆ្នាំ២០១៤ ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា លោកក៏មាន វ័យចាស់ហើយមិនចង់ជាប់កេរ្ដិ៍ឈ្មោះ អាក្រក់ក្នុងសង្គមជាតិ ចង់ធ្វើជាគំរូ ដល់មន្ដ្រីដទៃទៀតធ្វើតាម ៕