ភ្នំពេញ៖
មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជានិតកូរ៉េ ឬកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមចំនួន ២គ្រាប់ នៅព្រឹកថ្ងៃពុធនេះ គឺបានរំលោភទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់លោក គីម មីនសឿក អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ២គ្រាប់ ដែលគេជឿជាក់ថា ជាមីស៊ីលប្រភេទ រ៉ូដុង ចាប់ពីវេលាម៉ោង ២៖៣៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ដល់ម៉ោង ២៖៤២នាទី ថ្ងៃដដែល ម៉ោងក្នុងតំបន់ ចេញពីតំបន់ ស៊ុកជឿន ភាគខាងជើង ទីក្រុង ព្យុងយ៉ាង ឆ្ពោះទៅដែនទឹកឈូងសមុទ្រភាគខាងកើត។
មីស៊ីលផ្លោងដែលបានបាញ់ចេញនោះ ហោះបានរយៈចម្ងាយប្រហែល ៦៥០គីឡូម៉ែត្រ ដែលនេះជាការបាញ់លើកដំបូង ក្នុងរយៈពេល ៥ឆ្នាំមកនេះ បន្ទាប់ពីប្រទេសនេះ បាញ់មីស៊ីលផ្លោង រ៉ូដុង នេះចំនួនពីរគ្រាប់ កាលពីខែកក្កដា ឆ្នាំ២០០៩ និងខែកក្កដា ឆ្នាំ២០០៦។
សូមបញ្ជាក់ផងដែរថា មីស៊ីលផ្លោងប្រភេទ រ៉ូដុង ត្រូវបានគេដឹងថា បាញ់បានរយៈចម្ងាយ ១.៣០០គីឡូម៉ែត្រ ជាមួយនឹងការផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា វាច្បាស់ណាស់ថា កូរ៉េខាងជើង បានបំពានទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ហើយថាការបាញ់នេះ បានបំពានមកលើប្រទេស កូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិទៀតផង៕