ភ្នំពេញ ៖
ក្រុមកម្មកររោងចក្រ និងកម្មករសំណង់ បានជួលធុងបាស់រាំលេងកម្សាន្ត ដើម្បីអបអរសាទរ មុន ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ ពេលរាំរែក ជិតដលម៉ោងបិទបាស់ ស្រាប់តែយុវជន ២ក្រុម បើកឆាកប្រយុទ្ធគ្នា បង្កការភ្ញាក់ផ្អើល ដល់បង ប្អូនប្រជាពលរដ្ឋ និងបណ្តាលឲ្យយុវជន ២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះ កម្លាំង អ.ហ រាជធានីភ្នំពេញ បានសហការជាមួយ អ.ហ ខណ្ឌមានជ័យចុះអន្តរាគមន៍ឃាត់ ខ្លួនបានយុវជន ៨ នាក់ ដែលសង្ស័យពាក់ព័ន្ធ នឹងករណីវាយគ្នាខាងលើនេះ ។ ព្រឹត្តិការណ៍នេះ បានកើត ឡើង កាលពីវេលាម៉ោង ១២ និង ០០ យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើត ហេតុ បងប្អូនប្រជាពលរដ្ឋ ដែលកម្មកររោងចក្រកាត់ដេរ និងកម្មករសំណង់ បានសហការ និងរៃអង្គាសគ្នា ប្រមូលលុយ ជួលធុងបាសរាំរែកម្សាន្ត នៅលើផ្លូវបេតុងត្រង់ចំណុចកើតហេតុ ដោយអ្នកខ្លះលេងល្បែង ប្រពៃណីចោលឈូង និងខ្លះទៀតរាំរែក ដើម្បីរីករាយក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ។ លុះពេលពួកគេរាំដល់ម៉ោង កើតហេតុយុវជន ២ក្រុម ដោយមួយក្រុមជាកម្មកររោងចក្រមានគ្នា ៤នាក់ និង មួយក្រុមទៀត ជាកម្មករសំណង់ ផ្សារដែកមានគ្នា ៧ ទៅ៨ នាក់ ពួកគេទាំង ២ក្រុម បានរាំឌឺដងដាក់គ្នា រហូតផ្ទុះហិង្សា ទាញដំបងឈើកំណាត់កង់ៗ ចេញវាយគ្នាយ៉ាងប្រសាច ពេញដងផ្លូវ បណ្តាលឲ្យយុវជន ជាកម្មកររោងចក្រចំនួន ២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ហើយចំណែកភាគីខាងកម្មករសំណង់ចំនួន ៨នាក់ ត្រូវ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនយកទៅកាន់ទីបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានីភ្នំពេញ រង់ចាំធ្វើការសាកសួរបន្តទៀត ជុំវិញ ករណីវាយតប់គ្នារហូតបណ្តាលឲ្យមនុស្ស ២នាក់រងរបួសបែកក្បាល ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
ទាក់ទិននឹងករណីខាងលើនេះ យុវជន ៨នាក់ ដែលឃាត់ខ្លួនបណ្តោះអាសន្ន និងយុវជន ២នាក់ ដែលត្រូវ រងរបួសធ្ងន់ធ្ងរនោះ គឺសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ ពួកគេនៅឡើយទេ ព្រោះដោយសារកំពុង ធ្វើការសាកសួរព័ត៌មានលម្អិត ដើម្បីវែកមុខជនដៃដល់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕