រាជធានីភ្នំពេញ ៖
ជាតារាសម្តែង និងបង្ហាញម៉ូដកញ្ញា កែម សុខពិសី វ័យ២៤ឆ្នាំ នាពេលកន្លងមកថ្មីៗនេះត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់យ៉ាងលាក់កំបាំង។
ប៉ុន្តែនាងបានច្រានចោលព័ត៌មាននេះទាំងស្រុងថា មិនមែនជាការពិតនោះទេ។ លើសពីនេះនាងអះអាងថា បេះដូងនៅទំនេរស្អាតគ្មានជាប់ពាក់ព័ន្ធនឹងបុរសណាម្នាក់ឡើយ។
គ្រូបង្ហាត់ផ្នែកដើរម៉ូដកញ្ញា កែម សុខពិសី ថ្វីបើធ្លាប់បានអះអាងថា នាពេលកន្លងមកនាងមិនដែលមានស្នេហាជាមួយបុរសណាម្នាក់ក្តី ប៉ុន្តែត្រូវបានគេសង្ស័យថា ថ្មីៗនេះនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ប៉ុន្តែមិនមានសកម្មភាពបើកចំហតែពីរនាក់នោះទេ។
ជុំវិញព័ត៌មានខ្សឹបខ្សៀវនេះកញ្ញា កែម សុខពិសី បានបកស្រាយឲ្យដឹងជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនថា សព្វថ្ងៃបេះដូងទំនេរស្អាតល្អណាស់ តាំងពីពេញវ័យមកមិនដែលមានជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយបុរសណាម្នាក់នោះទេ ហើយក៏មិនទាន់ចង់បានដែរ ព្រោះជាប់រវល់ការងារច្រើន គឺរវល់សិក្សាផង ការងារក្រុមហ៊ុនផង និងការងារសិល្បៈផងដែរ។ កន្លងមកនាងធ្លាប់ឮព័ត៌មាននេះ និងមានអ្នកសារព័ត៌មានទូរស័ព្ទមកសួរនាងពីរឿងនេះដែរ តែដោយសារនាងអង្វរមិនចង់ឲ្យគេចុះផ្សាយ ព្រោះថា ជារឿងមិនពិតបើចុះផ្សាយទៅនាំតែធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ។
គ្រូបង្ហាញម៉ូដប្រចាំក្រុម POP Model រូបនេះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ខ្ញុំសុំនិយាយដោយស្មោះអស់ពីចិត្តថា ខ្ញុំមិនមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នោះទេ ធាតុពិតការងារបស់ខ្ញុំភាគច្រើនត្រូវនៅជាមួយមនុស្សប្រុស-ស្រីជាច្រើន ពិសេសមិត្តរួមក្រុមម៉ូដែលក៏មានប្រុសច្រើនដែរ គឺជាង២០នាក់ឯណោះ ហើយពេលចេញទៅសម្តែងម្តងៗ ពួកខ្ញុំតែងទៅជាមួយគ្នា និងមានភាពស្និទ្ធស្នាលជាមួយគ្នាជារឿងធម្មតា។ ហើយខ្ញុំក៏មិនមានពេលវេលាទំនេរ គិតពីរឿងស្នេហាដែរ” ។ នាងសង្ឃឹមថា ក្រោយពីបកស្រាយនៅយ៉ាងនេះហើយអាចធ្វើឲ្យទស្សនិកជនលែងយល់ច្រឡំទៀតហើយ នាងក៏មិនទាន់ចង់គិតពីរឿងស្នេហាអ្វីឡើយ៕