រាជធានីភ្នំពេញ ៖
មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈដែលជនសង្ស័យទាំងនេះ កំពុងធ្វើសកម្មភាពជួញដូរ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលំ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានទី១-ឈ្មោះ សន សុភ័ក្រ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ជាអ្នកជួញដូរ និងផ្តល់ទីតាំង ទី២-ឈ្មោះ ផាន សុវណ្ណារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៦ ផ្លូវបេតុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទី៣-ឈ្មោះ សុក គឹមឈុន ភេទប្រុស អាយុ៣០ នៅផ្ទះជួលកន្លែងកើតហេតុ ទី៤-ឈ្មោះ លី ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ទី៥-ឈ្មោះ កៅ វិ ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៦-ឈ្មោះ តឹក បុល ភេទស្រី អាយុ៤៥ ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៧-ឈ្មោះ ជា វិបុល ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានជញ្ជីងសម្រាប់ថ្លឹងចំនួន១ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ត្រូវបានសម្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕