រាជធានីភ្នំពេញ ៖
ហេតុការណ៍ភ្ញាក់ផ្អើលមួយ គ្រាដែលចោរគ្មានជំនាញម្នាក់ បានយកកាំភ្លើងជ័រ ផ្ជង់ប្លន់ជនរងគ្រោះ តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ។ ហេតុការណ៍គួរឲ្យ
អស់សំណើចមួយនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះលក់គ្រឿងទេសមួយកន្លែងលេខ៥៥ ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យមានឈ្មោះ ឃួន ដានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាសន្ដិសុខ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលំភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1V-4937 ដោយបិទក្លែងឲ្យទៅជាស្លាកលេខភ្នំពេញ 1V-5937 មកឈប់នៅមុខផ្ទះហើយធ្វើជារកទិញអីវ៉ាន់ ពីជនរងគ្រោះ ។
ខណៈដែលជនរងគ្រោះមានឈ្មោះ សំ ដានី ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ កំពុងតែលើកអីវ៉ាន់បំណងយកទៅដាក់លើម៉ូតូជនសង្ស័យក៏ត្រូវជននេះយកកាំភ្លើងជ័រភ្ជង់រួចហើយវាយនាងនឹងមួកការពារសុវត្ថិភាពពីក្រោយបណ្ដាលឲ្យដួលផ្កាប់មុខ ក្នុងបំណងប្លន់យក កាបូបលុយតែម្ដង ។ ភ្លាមៗនោះនារីរងគ្រោះបានស្រែកថា ចោរៗដើម្បីឲ្យគេជួយ។ ពេលនោះជនសង្ស័យភ័យស្លន់ស្លោ រត់ចោលម៉ូតូឡើងទៅលើផ្ទះរបស់គេនៅជិតនោះ និងបានលោតមកខាងក្រោមវិញបណ្ដាលឲ្យបាក់ជើងម្ខាង ហើយក៏ត្រូវប្រជាពលរដ្ឋ និងនគរបាលខណ្ឌទួលគោកស្ទាក់ចាប់បានតែម្ដងរួម និងកាំភ្លើងខ្លីជ័រមួយដើមផងដែរ ។
ក្រោយការឃាត់ខ្លួនត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕