ខេត្តបន្ទាយមានជ័យ ៖
នៅកាលថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ២០១៤ កូនស្រីទោលរបស់ ប៉ុល ពត អតីតនាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឈ្មោះ ស ផត្ជតា ហៅម៉ុល
បានចូលរោងរៀបការតាមប្រពៃណីខ្មែរ បានធ្វើឡើងនៅគេហដ្ឋានខាងស្រីនាភូមិក្បាលស្ពានឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាអតីតតំបន់សារតាំងនៃរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ កៀកព្រំដែនកម្ពុជា-ថៃ។
សេចក្តីរាយការណ៍ឱ្យដឹងថា កូនក្រមុំឈ្មោះ ស ផត្ជតា ហៅម៉ុល អាយុ២៦ឆ្នាំ ជាកូនស្រីរបស់អ្នកស្រី មាន សុភី ជាអតីតភរិយាទី២ របស់ប៉ុលពតឬ សាឡុត ស បន្ទាប់ពីភរិយាទី១ គឺ លោកស្រី ខៀវ ប៉ុណ្ណារី បានស្លាប់ ។ ប៉ុណ្ណារី គឺជាបងស្រីរបស់លោកស្រី ខៀវ ធីរិទ្ធ ឬដូរឈ្មោះថា អៀង ធីរិទ្ធ ភរិយាលោក អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម។
អាពាហ៍ពិពាហ៍លើកទី១រវាងប៉ុលពត និងលោកស្រីខៀវប៉ុណ្ណារីពុំមានកូនទេ ។ ដល់អាពាហ៍ពិពាហ៍លើកទី២ ជាមួយអ្នកស្រី មាន សុភី ទើបមានកូនស្រីម្នាក់ គឺកូនក្រមុំនៃអាពាហ៍ពិពាហ៍នេះនាងស ផត្ជតា ហៅម៉ុល ដែលយកឈ្មោះឪពុកជាត្រកូល (សាឡុត-ស)។ ក្នុងសំបុត្រការគឺកូនស្រី ស ផត្ជតា(ម៉ុល) មានឪពុកលោក ទេព ឃុនណាល់ និងម្ដាយលោកស្រី មាន សុភី ត្រូវរៀបការនឹងកូនប្រុសឈ្មោះ ស៊ី វិច្ឆិកា មានឪពុកលោក ស៊ី អូន និងម្ដាយអ្នកស្រី គល់ សារុន។
នាង ស ផត្ជតា(ម៉ុល) មានបងប្អូន ២នាក់ គឺ ប្អូនស្រីម្នាក់ទៀត រួមម្ដាយ តែឪពុកទីទៃគឺ លោក ទេព ឃុនណាល់។ ស ផត្ជតា និង ស៊ី វិច្ឆិកា រៀនថ្នាក់ អនុបណ្ឌិតជាមួយគ្នា នៅប្រទេសម៉ាឡេស៊ី ហើយមានទំនាក់ទំនង ស្នេហ៍នឹងគ្នា នៅទីនោះ។ ពិធី នានាខាងប្រពៃណីបានដំណើរការទៅរលូនដោយមានញាតិមិត្ត ភាគច្រើននៅម៉ាឡៃចូលរួមកុះករ។ ដោយទីធ្លាផ្ទះតូចដែរភ្ញៀវនឹងត្រូវពិសារភោជនាហារ នៅនឹងទីនោះពីម៉ោង ៣កន្លះល្ងាច ថ្ងៃអាទិត្យទី១៦ មីនា ២០១៤ ៕