ខេត្ដកណ្ដាល ៖
យុវជនម្នាក់បានរងរបួស បែកក្បាលនិងបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនរងគ្រោះ បើកម៉ូតូឌុបនារី ២នាក់ យ៉ាងលឿនដល់ផ្លូវកោង មិនព្រមបន្ថយល្បឿន កាច់ចង្កូតមិនទាន់ បានជ្រុលទៅបុកបង្គោល
ស្លាកសញ្ញាកំពង់ចម្លង ក្បាលជ្រោយ បោកផ្ទប់ជាមួយបង្គោល ស្លាកសញ្ញាមួយទៀតធ្វើអំពីដែក កាលពីវេលាម៉ោង ១និង១០ នាទី រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤តាមបណ្ដោយ ផ្លូវជាតិលេខ១១០ ចំណុចកំពង់ចម្លង ក្បាលជ្រោយត្រើយខាងកើត ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សារុំ គឹមឡេង ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យត្រើយស្លា មានទីលំនៅក្នុង ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9302 និង យុវតី ២នាក់ ដែលរួមដំណើរជាមួយ មិនស្គាល់អត្ដសញ្ញាណ។ នៅមុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះ បើកម៉ូតូយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិ លេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង ដោយមានឌុបនារី ២នាក់ នៅខាងក្រោយ និងមានបក្ខពួក មួយម៉ូតូទៀតជិះគ្នា ៣ នាក់ដែរ ។
លុះបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវមានសភាពកោងខ្លាំង យុវជនរងគ្រោះពុំបានបន្ថយល្បឿនទេ បណ្ដាលឱ្យកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោល ស្លាកសញ្ញាកំពង់ចម្លង ក្បាលជ្រោយ និងបោកផ្ទប់នឹង បង្គោលស្លាកសញ្ញាមួយទៀត ធ្វើអំពីដែកធ្វើឱ្យអ្នកបើកបរម៉ូតូ រងរបួសបែកក្បាល និងបាក់កស្លាប់ នៅកន្លែងកើតហេតុតែម្ដង។ សាក្សី បានបញ្ជាក់ថា នារី ២នាក់ ដែលរួមដំណើរជាមួយជនរងគ្រោះ បានរងរបួសស្រាល ហើយបានឡើងម៉ូតូ ទៅជាមួយបក្ខពួក គេចខ្លួនបាត់ដោយបន្សល់ទុក តែជនរងគ្រោះនិងម៉ូតូ នៅកន្លែងកើតហេតុ៕