ខេត្តកំពត ៖
ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលរស់នៅជាមួយឪពុក ជាបុរសពោះម៉ាយ ដោយសារតែម្តាយ បានឈឺស្លាប់កាលពីឆ្នាំ២០១៣ បានដេកឱបសពឪពុក ដោយមិនដឹងថា ឪពុកបានស្លាប់ តាំងពីពេលណានោះទេ រហូតទាល់តែខ្មោច
ឪពុក ធុំក្លិនស្អុយពេកទ្រាំមិនបាន ក៏ដាច់ចិត្តទៅប្រាប់ក្មេងៗ ដែលរត់លេងជាមួយគ្នា ដោយសុំគេទៅដេកជាមួយ ដោយសារឪពុកដេកអត់ព្រមងើប ហើយក្លិនធុំស្អុយទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១០ ខែមីនា ញ៉ាំងចិត្តឲ្យអ្នកភូមិអាណិតអាសូរ និងសង្វេគបំផុត។
ឪពុកដែលមានជំងឺប្រចាំកាយ បានដេកស្លាប់នៅលើគ្រែមួយ នៅក្រោមផ្ទះ ជាកន្លែងដែលឪពុកនិងកូនប្រុសតូច ធ្លាប់ដេកជាប្រចាំ តែក្មេងដ៏កម្សត់ម្នាក់នោះ មិនបានដឹងថា ឪពុករបស់ខ្លួនស្លាប់ តាំងពីកាលណានោះទេ ពីព្រោះតាំងពីបងប្រុសម្នាក់ រៀបការប្រពន្ធហើយ ក្មេងដ៏កម្សត់ មិនដែលបានហូបបាយ នៅផ្ទះជាមួយឪពុកទេ គឺទៅដើរលេងជាមួយ ក្មេងប្រុសតូចប៉ុនគ្នានៅជិតខាង រួចហូបបាយនៅផ្ទះអ្នកជិតខាង លុះពេលល្ងាចទើបចូលដេក ក្នុងមុងជាមួយឪពុក ។
ទាល់តែក្មេងដ៏កម្សត់ ដេកឱបខ្មោចឪពុកមិនបាន ដោយសារធុំក្លិនស្អុយពេក ទើបរត់ទៅប្រាប់អ្នកជិតខាង បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាមកពិនិត្យដល់ផ្ទះ ទើបដឹងថាបុរសឈ្មោះ ម៉ាប់ អាយុជាង ៥០ឆ្នាំ ដែលជាឪពុក របស់ក្មេងដ៏កម្សត់ មិនដឹងស្លាប់ តាំងពីថ្ងៃណាមកទេ ព្រោះសពបានហើម និងធុំក្លិនទៅហើយ។ អ្នកភូមិបាន ទូរស័ព្ទ ប្រាប់សមត្ថកិច្ច ឱ្យមកពិនិត្យសពទាំងយប់ ហើយកន្លែងកើតហេតុ ស្ថិតនៅលើចង្កេះភ្នំទឹកឈូ ជាប់ផ្លូវឡើងទៅវត្តគិរីទឹកជប់ ស្ថិតក្នុងភូមិ ស្នំប្រាប់ពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ៕