ខេត្តមណ្ឌលគិរី ៖
នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះប្រចាំការ នៅខេត្តមណ្ឌលគិរី ក្រោមការបញ្ជាផ្ទាល់ របស់លោក សួស ប៊ុនលី ដោយមានលោក អ៊ុំ សីហា ជាអនុប្រធាន កំពុងបង្កព្យុះភ្លៀង ក្រឡុកក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ
ឲ្យស្គាល់ពីសិទ្ធិអំណាច របស់ពួកគេ តាមរយៈការចាប់ឡានដឹកឈើ ២-៣ ករណី ដែលមិនបានទំនាក់ទំនង បង់លុយឲ្យពួកគេ គឺគ្រាន់តែធ្វើឲ្យល្អមើល ដើម្បីឲ្យឈ្មួញដទៃទៀតតម្រង់ជួរ ចូលទៅបង់លុយឲ្យលោក សួស ប៊ុនលី និងលោក អ៊ុំ សីហា តែប៉ុណ្ណោះ។
ចាប់តាំងពីទទួលបាន លិខិតបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិ ឲ្យចុះទៅប្រចាំការនៅខេត្តមណ្ឌលគិរី លោក សួស ប៊ុនលី បានប្រគល់ការងារឲ្យលោក អ៊ុំ សីហា ជាអនុប្រធានចាត់ចែងជំនួស ហើយក្នុងនោះលោក សួស ប៊ុនលី ចាំតែទទួលទូរស័ព្ទ ឬដេញថ្លៃប៉ុស្តិ៍ឲ្យមន្ត្រីដទៃទៀត ចុះទៅប្រមូលលុយពីតាមទីតាំងសិប្បកម្ម ទាំងស្របច្បាប់និងខុសច្បាប់ សូម្បីតែដេប៉ូលក់ឈើ ក៏នគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក អ៊ុំ សីហា ចុះទៅកោសរូសបង្ខំឲ្យបង់លុយ ទៅតាមតែទំនើងចិត្តរបស់ពួកគេ មិនដែលក្រែងញញើតពីច្បាប់ទម្លាប់អ្វីឡើយ។
លោក អ៊ុំ សីហា ដែលទទួលបានសិទ្ធិចាត់ចែងការងារ ជំនួសមុខឲ្យលោក សួស ប៊ុនលី បានពង្រាយមន្ត្រីឲ្យដាក់ប៉ុស្តិ៍ជជុះ នៅតាមចំណុចសំខាន់ៗ ដើម្បីប្រមូលលុយពីការ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មិនឲ្យរបូតឈ្មួញណាម្នាក់ឡើយ ហើយការបង្ក្រាបកន្លងមក ទាំងការដឹកជញ្ជូនឈើ តាមរថយន្តតូច និងរថយន្តកែច្នៃ ចេញពីស្រុកអូររាំង និងស្រុកកែវសីមា កើតឡើងដោយសារតែ ការដឹកជញ្ជូនឈើទាំងនោះ ធ្វើតាមរបៀបលោតឆ័ត្រ មិនបានគិតគូរផ្តល់សេវា ជូនដល់លោក សួស ប៊ុនលី និងលោក អ៊ុំ សីហា ព្រោះថាការចូលកាន់តំណែងថ្មី បើមិនធ្វើឲ្យក្ឌុងក្ឌាំងផ្អើលឈ្មួញទេនោះ ច្បាស់ជាគ្មាននរណាស្គាល់ ឬដាក់ខែឲ្យទេ។
សម្រាប់ការពង្រាយមន្ត្រីនគរបាល ឲ្យដាក់ប៉ុស្តិ៍ជជុះ ចុះកោសរូសទារលុយ ពីតាមដេប៉ូ និងសិប្បកម្មកែច្នៃឈើ ទាំងស្របច្បាប់និងខុសច្បាប់ យ៉ាងប្រសេចប្រសាច ប្រភពមួយបានបង្ហើបឲ្យដឹងថា លោក សួស ប៊ុនលី និងលោក អ៊ុំ សីហា បានរៀបចំចាត់តាំងមន្ត្រី ដែលគ្មានឈ្មោះក្នុងលិខិតបញ្ជាបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ឲ្យធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបំផុត ហើយគេមិនច្បាស់ទេថា រឿងនេះថ្នាក់លើបានដឹងឬក៏អត់ ព្រោះទឹកដីខេត្តមណ្ឌលគិរី ស្ថិតនៅឆ្ងាយពីភ្នែកច្រមុះ របស់ថ្នាក់លើ ទើបលោក អ៊ុំ សីហា និងលោក សួស ប៊ុនលី សមគំនិតគ្នាធ្វើអ្វីៗតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយពីការរឹតបន្តឹង របស់ថ្នាក់លើម្តងណាឡើយ។
អាចបញ្ជាក់បានថា ក្រុមរបស់លោក សួស ប៊ុនលី និងលោក អ៊ុំ សីហា បានត្រឹមតែបង្ក្រាបឡានដឹកឈើ តាមរបៀបលោតឆ័ត្រ ដែលមិនបានទំនាក់ទំនង ចូលបង់លុយតែប៉ុណ្ណោះ ដែលតាមភាសាសាមញ្ញ គេនិយាយថា ជាការរៀបចំឲ្យក្រុមឈ្មួញ ស្គាល់ពីឥទ្ធិពលអំណាចរបស់ខ្លួន ហើយទំនាក់ទំនងចូលបង់លុយ ទើបអាចចៀសផុតពីឧបសគ្គ បើមិនដូច្នេះទេ ការរកស៊ីដឹកជញ្ជូនឈើ មិនអាចរលូនល្អបានទេ គង់តែថ្ងៃណាមួយ ត្រូវក្រុមរបស់លោក សួស ប៊ុនលី និងលោក អ៊ុំ សីហា បង្ក្រាបយកស្នាដៃ ទៅបង្អួតថ្នាក់លើ ចៀសមិនផុតឡើយ៕