ភ្នំពេញ ៖ បុរសស្រវឹងស្រាលម្នាក់បានដើរមកដកកាំភ្លើងរបស់សមត្ថកិច្ចយកទុក ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំផ្សារអូរឫស្សីនិងអ្នកដំណើរ ខណៈដែលសមត្ថកិច្ចកំពុងតាមច្បាមមុខ សញ្ញាជនសង្ស័យឆក់ ហើយបានចាប់ខ្លួនជនសង្ស័យនៅម្តុំផ្សារឫស្សី ស្រាប់តែបុរសស្រវឹងស្រាខាងលើក៏ដើរមកដកកាំភ្លើងសមត្ថកិច្ចដោយមិនដឹងមូលហេតុតែម្តង ។
ហេតុការណ៍ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋនៅម្តុំផ្សារអូរឫស្សីខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចជិតផ្សារអូរឫស្សី តាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។
បុរសប្រមឹកដែលដកកាំភ្លើងសមត្ថកិច្ចដោយគ្មានមូលហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅសាកសួរនៅក្រសួងមហាផ្ទៃ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃបានតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យឆក់កាបូបតាំងពីមុខសាលា ចតុមុខ រហូតដល់មុខផ្សារអូរឫស្សី ។ ពេលចាប់ឃាត់ខ្លួនមុខសញ្ញាឆក់ហើយ សមត្ថកិច្ចបានបញ្ជូនសង្ស័យទៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលនៅសល់សមត្ថកិច្ចម្នាក់ដែលនៅ ក្នុងកន្លែងកើតហេតុ ស្រាប់តែលេចមុខបុរសម្នាក់ដើរទ្រេតទ្រោត ក្នុងសភាពស្រវឹងជោកជាំបានដើរមកដកកាំភ្លើងសមត្ថកិច្ចនគរបាលតែម្តង ។
ប្រភពបន្តថា ពេលដែលបុរសស្រវឹងស្រាដកកាំភ្លើងរួចហើយ ធ្វើឲ្យសមត្ថកិច្ចដែលជាម្ចាស់កាំភ្លើងបាន ចូលទៅឃាត់ខ្លួនបុរសប្រមឹកនោះ តែបុរសនោះមិនព្រមឲ្យ សមត្ថកិច្ចក៏ចូលទៅប្រតាយប្រតប់គ្នាធ្វើឲ្យមានអំពើហិង្សាវាយគ្នាទៅវិញទៅមក ដោយសមត្ថកិច្ចសង្ស័យថាជាបក្ខពួកក្រុមចោរប្លន់នៅក្នុងរាជធានីភ្នំពេញ ។ ហេតុការណ៍នេះបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញអ្នកនៅជុំវិញផ្សារអូរឫស្សីដោយពួកគាត់ស្មានថា ជនសង្ស័យតដៃជាមួយសមត្ថកិច្ច ។
ក្រោយប្រតាយប្រតប់គ្នាមួយសន្ទុះទើបសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរសប្រមឹកខាងលើប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលយកទៅសាកសួរនៅក្រសួងមហាផ្ទៃ ៕
.jpg)
