ខេត្តសៀមរាប ៖
បុរសជាកសិករធ្វើចំការ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំស្ត្រីជាភរិយា មកឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បន្ទាប់ពីសម្រាលកូន បានតែប៉ុន្មាននាទី ក្រុមគ្រូពេទ្យបានប្រាប់ថា អស់លទ្ធភាពក្នុងការ
ជួយសង្គ្រោះ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ត្រូវបុរសជាប្តីនាំយកទៅបូជា សល់តែកញ្ចប់ឆ្អឹងមួយចាន និងកូនស្រីអាយុមួយថ្ងៃ ស្ពាយត្រលប់ទៅ ស្រុកកំណើតវិញ
បុរសជាប្តីមានឈ្មោះ ហ៊ាង ហឿម អាយុ ៣៩ឆ្នាំ បានរៀបរាប់ថា ពួកគាត់មានស្រុកកំណើតនៅខេត្តព្រៃវែង តែបានមកប្រកបរបរធ្វើចំការ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គាត់មានកូនស្រី ២នាក់រួចមកហើយ មកសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប លើកនេះជាកូនទី៣។ បុរសជាប្តីបានបន្តថា នៅពេលប្រពន្ធគ្រប់ខែ គាត់មិនហ៊ានឲ្យឆ្មបបុរាណ បង្កើតកូននោះទេ ទើបពួកគាត់សម្រេច មកមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
បុរសជាប្តីបានបញ្ជាក់ទៀតថា ជីវិតប្រពន្ធរបស់គាត់ ត្រូវបញ្ចប់នៅក្នុង មន្ទីរពេទ្យ ខេត្តសៀមរាប តែក្នុងរយៈពេលមួយប៉ព្រិចភ្នែក បន្ទាប់ពីកូនស្រីទី៣ បានឃើញពន្លឺថ្ងៃ តែប៉ុន្មាននាទីប៉ុណ្ណោះ។ ពេលមកដល់មន្ទីរពេទ្យដំបូង ក្រោយពេលបង់សេវាថ្លៃគ្រែ ១៤ម៉ឺនរៀល ហើយ គ្រូពេទ្យបញ្ជាក់ថា សុខភាពប្រពន្ធរបស់គាត់ ល្អជាធម្មតា លុះពេលសម្រាលកូនបានប៉ុន្មាននាទី គ្រូពេទ្យរុញចេញមកក្រៅ ហើយប្រាប់ថា ត្រៀមខោអាវផង ប្រពន្ធរបស់គាត់ មិនអាចជួយសង្គ្រោះបានទេ ធ្លាក់ឈាមច្រើនណាស់។ ឮគ្រូពេទ្យនិយាយបែបនេះ បុរសជាប្តី មានការស្រងាកចិត្តយ៉ាងខ្លាំង ហើយនៅទីបំផុត គាត់បានត្រឹមតែដឹក សាកសពប្រពន្ធ ទៅកាន់ទីបច្ឆានៅឯវត្ត ដំណាក់ ដើម្បីបូជា។
មុនពេលស្ពាយកញ្ចប់ឆ្អឹងប្រពន្ធ និងបីកូនស្រី ដែលមានអាយុទើបមួយថ្ងៃ វិលទៅកាន់ខ្ទមឯចំការ នៅស្រុកអន្លង់វែងវិញ បុរសជាប្តីបានបញ្ជាក់ ប្រាប់អ្នកកាសែតថា គាត់អាចនឹងប្តឹង ក្រុមគ្រូពេទ្យបង្អែក ខេត្តសៀមរាប នៅពេលធ្វើបុណ្យសព ប្រពន្ធរួច តែថាប្តឹងពីបទអី្វ ទាមទារអ្វីនោះ គឺមិនទាន់អាចបញ្ជាក់បានទេ។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានអះអាងថា ស្ត្រីរងគ្រោះដោយសារតែ ឈាមហូរច្រើនពេក ហើយឈាមនោះជាឈាមអត់កក ឈាមចេញពីធ្មេញ ពីរន្ធត្រចៀក ទើបក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន៕