ខេត្តកំពង់ចាម ៖
បុរស ២នាក់ បានជិះម៉ូតូឌុបគ្នាទៅបុក រថយន្តដឹកអុសដែលឈប់ស្ងៀម ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអាធ្រាត ឈានចូល
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចក្បែររង្វង់មូល គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកអុស ត្រូវបានចាប់ខ្លួនប្រគល់ឲ្យ មន្ត្រីនគរបាលចរាចរ ក្រុងកំពង់ចាម តែក្រោយមកឮដំណឹងថា រត់បាត់ស្រមោលទៅវិញ។
ជនរងគ្រោះដែលស្លាប់ រួមមានឈ្មោះ លន់ សីលា ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ សែម សុខ ភេទប្រុស អាយុ ២៨ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅក្នុង ភូមិកោះអណ្តែត ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មុនកើតហេតុ បុរសរងគ្រោះទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ចុះពីលើស្ពានគីហ្សូណា ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ រង្វង់មូលគល់ស្ពានគីហ្សូណា បានជ្រុលទៅបុក រថយន្តដឹកអុសមួយគ្រឿង ដែលកំពុងចតលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង៕