រាជធានីភ្នំពេញ ៖
សមត្ថកិច្ចបានសម្រេច ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដែលបានធ្វើសកម្មភាពកាប់ចាក់គ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅក្នុងរោងការមួយកន្លែង ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ
កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ហើយជនសង្ស័យ សុទ្ធសឹងជាសាច់ញាតិ ខាងកូនកំលោះ ដើម្បីវែកមុខជនដៃដល់ ដែល វាយសម្លាប់ជនរងគ្រោះ។
មូលហេតុដែលសមត្ថកិច្ចសម្រេច ឃាត់ខ្លួនជនសង្ស័យទាំង ៩នាក់នេះ ដោយសារកូនកំលោះបានរត់ចោលរោងការ មិននៅទទួលខុសត្រូវ និងដោះស្រាយបញ្ហានោះទេ ហើយសមត្ថកិច្ចសង្ស័យថា ភាគីជនបង្ក គឺក្រុមបក្ខពួកកូនកំលោះ ។ ជនរងគ្រោះមានឈ្មោះ សុខ ភក្តី ហៅតឿ ភេទប្រុស អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅភូមិហង្សបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានរបួសធ្ងន់។
ចំណែកជនរងគ្រោះម្នាក់ទៀត មានឈ្មោះ គាំ ឌីណា ភេទប្រុស អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានស្លាប់ ហើយជនរងគ្រោះទាំង ២នាក់ ខាងលើនេះ មានមុខរបរជាងផ្សារដែក ស្នាក់នៅក្នុងឃ្លាំងដាក់អេតចាយ ក្បែរកន្លែង កើតហេតុ ។ មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា ៣នាក់ បាននាំគ្នា ដើរចេញពីឃ្លាំង ដាក់អេតចាយ ចម្ងាយពីរោងការប្រហែល ២០០ម៉ែត្រ ទៅរកទិញទឹកអំពៅហូប។
ក្រោយមកក្រុមជនរងគ្រោះ ក៏នាំគ្នាដើរទៅមើលគេរាំធុងបាស ក្នុងរោងការនោះ រួចហើយភ្ញៀវខាងកូនកំលោះ ធ្លាប់មានទំនាស់គ្នា ជាមួយក្រុមជនរងគ្រោះ ចេះតែឌឺដងដាក់គ្នា ហើយជនសង្ស័យម្នាក់ ក្នុងចំណោម ៩នាក់ ដែលត្រូវឃាត់ខ្លួន បានទាត់គូទជនរងគ្រោះ ឈ្មោះ សុខ ភក្តី ហៅតឿ បង្កទៅជាទំនាស់គ្នាមួយប្រាវ ឈានដល់ការដេញវាយ ជនរងគ្រោះស្លាប់ ក្នុងដីឡូត៍ ក្បែរឃ្លាំងដាក់អេតចាយម្នាក់ និងម្នាក់ទៀតរបួសធ្ងន់៕