ខេត្តបន្ទាយមានជ័យ ៖
ការនាំរថយន្តស៊េរីទំនើប ដោយមិនបង់ពន្ធចូលស្រុកខ្មែរ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យរដ្ឋាភិបាលបាត់បង់ ប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយអំពើពុករលួយ
របស់លោក ថោង សុខាំភូ ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ មិនទាន់មានការ កែទម្រង់នៅឡើយទេ។ រថយន្តទំនើបៗគេចពន្ធ ដែលឈ្មួញឃុបឃិត ជាមួយលោក ថោង សុខាំភូ នាំចូលតាមច្រកព្រំដែន ប៉ោយប៉ែត មានដូចជាម៉ាកឡង់គ្រីស័រ និងម៉ាកឡិចស៊ីស ដែលត្រូវបង់ពន្ធ ក្នុងកម្រិតខ្ពស់។ បញ្ហានេះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនត្រូវមើលរំលងទៀតទេ ហើយលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើលទង្វើ របស់លោក ថោង សុខាំភូ ឡើងវិញជាបន្ទាន់។
ប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ឈ្មួញខិលខូចបានយកស្លាកលេខរថយន្ត ពីស្រុកខ្មែរចូលទៅទឹកដីសៀម ហើយយកស្លាកលេខនោះ ទៅបំពាក់លើរថយន្ត ដែលត្រូវនាំចូលមកស្រុកខ្មែរ ។ ការរត់ពន្ធរថយន្តទំនើបៗ ពីទឹកដីសៀម ចូលទឹកដីខ្មែរឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពុំមានសមត្ថកិច្ច ជំនាញណាបង្ក្រាបឡើយ ហើយលោក ថោង សុខាំភូ គឺជាអ្នកទទួលបាន ផលប្រយោជន៍ច្រើនជាងគេ និងមានអាថ៌កំបាំងយ៉ាងជ្រៅទៀតផង។ ក្រុមឈ្មួញនាំចូលរថយន្ត គេចពន្ធទាំងនោះ ហាក់ដូចជាមិនញញើត នឹង សមត្ថកិច្ចពាក់ព័ន្ធនោះទេ ព្រោះមានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីបានប្រយោជន៍ច្រកហោប៉ៅផ្ទាល់ខ្លួន ហើយរឿងសំខាន់នោះ គឺលោក ថោង សុខាំភូ ជាអ្នកផ្តល់ភ្លើងខៀវតែម្តង។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ថោង សុខាំភូ ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ មិនអាចគេចវេះពីការ ទទួលខុសត្រូវបានឡើយ ព្រោះថាប្រសិនបើ គ្មានភ្លើងខៀវពីលោក ថោង សុខាំភូ ទេនោះ គឺក្រុមឈ្មួញទុច្ចរិត មិនហ៊ាននាំរថយន្តទំនើបៗ គេចពន្ធចូលទឹកដី ខ្មែរយ៉ាងពេញបន្ទុក ដូចសព្វថ្ងៃនេះឡើយ។ ការបើកដៃឱ្យឈ្មួញទុច្ចរិត នាំរថយន្តទំនើបគេចពន្ធ ចូលទឹកដីខ្មែរ ធ្វើឱ្យខាតបង់ចំណូលថវិកាជាតិ រាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រោះបើមានការបង់ពន្ធត្រឹមត្រូវ គឺក្នុងរថយន្តមួយគ្រឿង ត្រូវបង់ពន្ធចាប់ពី ៣-៥ ម៉ឺនដុល្លារឡើងទៅ។ បញ្ហានេះល្មមដល់ពេល ដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការលើមន្ត្រីគយធំៗ នៅក្នុងខេត្តបន្ទាយមានជ័យ ជាបន្ទាន់ កុំឱ្យពួកគេឃុបឃិត ជាមួយឈ្មួញទុច្ចរិត តាមអំពើចិត្តទៀត។
ទាក់ទងនឹងបញ្ហាខាងលើនេះដែរ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត មិនដែលបានជួបប្រជុំ ដើម្បីត្រួតពិនិត្យប្រាក់ចំណូល របស់ស្ថាប័នគយ ក្រោមការគ្រប់គ្រង របស់លោក ថោង សុខាំភូ នៅឡើយទេ។ ចំពោះករណីពាក់ព័ន្ធបទល្មើស នាំរថយន្តស៊េរីទំនើបៗ ពីទឹកដីសៀមចូលទឹកដីខ្មែរ ត្រូវបានលោក គោ ស៊ុំសារឿត បញ្ជាក់ថា ពិតជាមានក្រុមអាជីវករ រាយការណ៍អំពីបញ្ហានេះមែន។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត នឹងធ្វើការត្រួតពិនិត្យ អំពីករណីឈ្មួញ រត់ពន្ធរថយន្តទំនើប ចូលទឹកដីខ្មែរ ព្រោះធ្វើឱ្យប៉ះពាល់ដល់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ គេរង់ចាំមើលថា តើអគ្គនាយកគយនិងរដ្ឋាករ ចាត់វិធានការរបៀបណា ចំពោះ មន្ត្រីគយពុករលួយ ដូចលោក ថោង សុខាំភូ ៕