ខេត្តបាត់ដំបង ៖
បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះជាប្រពន្ធ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង
ពាក់ព័ន្ធការប្រើហិង្សា ទៅលើប្រពន្ធរបស់ខ្លួន និងកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីវេលាម៉ោង១ រសៀលថ្ងៃដដែល នាំយកមកស្នងការខេត្ត ដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
ជនសង្ស័យមានឈ្មោះ កាន រស្មី ភេទប្រុស អាយុ ៣០ឆ្នាំ ជាជាងធ្វើផ្ទះ រស់នៅផ្ទះជួលក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង និងជនរងគ្រោះ មានឈ្មោះ មៀន ស្រីមាស ហៅ នីសា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបររត់តុ នៅហាងស៊ីផឹកមួយកន្លែង មានកូនប្រុសម្នាក់ អាយុ ៣ឆ្នាំជាប្តីប្រពន្ធ មិនបានរៀបការ។ ជនសង្ស័យបានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានឃើញ ប្រពន្ធអង្គុយផឹកស៊ី ជាមួយប្រុសស្នេហ៌ថ្មី ក៏មានចិត្តប្រចណ្ឌខឹង ចូលទៅទាញដៃ និងទះកំផ្លៀងចំនួន ២ដៃ។
ក្រោយមកស្ត្រីជាប្រពន្ធ បានប្តឹងសមត្ថកិច្ច និងទាមទារសំណង ឲ្យបង់លុយ ២០ម៉ឺនរៀល ម្តងហើយ ដោយសារតែខ្លួនខឹងខ្លាំងពេក ប្រពន្ធហ៊ានប្តឹងប្តីខ្លួនឯង ក៏បានបោកចានឆ្នាំង កម្ទេចចោលអស់ លុះដល់ម៉ោង ៥ល្ងាចថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ច មកឃាត់ខ្លួននាំយកទៅស្នងការខេត្តតែម្តង ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការនគរបាល ខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕