ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300 មួយគ្រឿងបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស មកដល់ចំណុចកែងផ្លូវព្រះសីហនុ ទំនងជាអ្នកបើកបរស្រវឹង បានរេចង្កួតជ្រុលទៅបុក របាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់៣កង់ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០៥នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រង់ចំណុចស្តុបពេទ្យចិន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាក់ភ្នំពេញ 2U-3936 ដែលបើកបរដោយនារីម្នាក់ជាជនជាតិចិន បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណូចកែងផ្លូវព្រះសីហនុ ត្រង់ចំណុចស្តុបពេទ្យចិន ក៏រេចង្កូតជ្រុលចង្កួតទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាង ពេញទំហឹង បណ្ដាលឲ្យបាក់៣កង់ និងរងការខូចខាត៧កង់ទៀត រួចក៏រថយន្តបង្ក ព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតឃើញ ក៏បានដេញតាមពីក្រោយរហូតមកចំណុចផ្លូវលេខ៣០៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រថយន្តបង្កហេតុបានឈប់រថយន្ត ក៏ត្រូវបានសមត្ថកិច្ចឃាត់ទាំងរថយន្តនិងអ្នកបើកបរតែម្តង ។
ក្រោយកើតហេតុ រថយន្តបង្កហេតុខាងលើត្រូវសមត្ថកិច្ចធ្វើការវាស់វែងនិងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕