ខេត្ដបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ជំនួយការ សម្ដេចតេជោ ហ៊ុន សែន បាននាំយក អំណោយជាទឹកប្រាក់ អង្ករ ទឹកដោះគោ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប្រគល់ ជូនម្ដាយឪពុកកូនភ្លោះ៣នៅមណ្ឌលសុខភាពជប់វារី ក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ។
អភិបាលស្រុកព្រះនេត្រព្រះលោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា កូនភ្លោះ៣នាក់ ដែលបានចាប់បដិសន្ធិលើគ្រួសារកសិករ នៅជនបទក្នុងភូមិជ្រាបថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ បានកើតឡើងកាលពីវេលាម៉ោង២ទៀប ភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ អាច ចាត់ទុកជាចៅសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលពេលនេះត្រូវបានលោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាំយកអំណោយរួមមានទឹកដោះ គោ DUMEX Gold ចំនួន២កេសធំ ស្ករស៥គីឡូ អង្ករ២០០គីឡូ សារុង២ ក្រមា២ និងថវិកាចំនួន៣.០០០.០០០ រៀលដែលជាអំណោយរបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតប្រគល់ឱ្យឪពុកម្ដាយទារកទាំង៣ នៅមណ្ឌលសុខភាពជប់វារី ។ ចៅភ្លោះ សម្ដេចទាំង៣ត្រូវបានដាក់ឈ្មោះរួចហើយ ទី១-ឈ្មោះ វ៉ន លីហ្សា , ទី២-ឈ្មោះវ៉ន សីហា, និងទី៣-ឈ្មោះវ៉ន រ៉ា ។ ម្ដាយ បង្កើតឈ្មោះ ម៉ា សារ៉ង ឪពុក ឈ្មោះ វ៉ាន់ រ៉ា អ្នកទាំង២មានអាយុ៣១ឆ្នាំ មានទីលំនៅជាមួយម្ដាយក្នុងភូមិជ្រាប ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
លោក សេង ទៀង ជំនួយការសម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ សួរសុខទុក្ខនិងសំណេះសំណាលជាមួយ ឪពុកម្ដាយទារកទាំង៣និងជាមួយគ្រូពេទ្យ និងអាជ្ញាធរថា ទីណាមានប្រជាពលរដ្ឋ ខ្មែរបង្កើតកូនបានភ្លោះ៣គឺសម្ដេចតេជោ តែងតែផ្ដល់អំណោយនិងចាត់ទុកជាកូនធម៌របស់សម្ដេចតែឥឡូវលែងជាកូន ទៀតហើយគឺទៅជាចៅវិញម្ដង ៕