ខេត្ដកំពង់ចាម ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមបាន បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ហើយបានឃាត់ខ្លួនជនពាក់ព័ន្ធ៤នាក់បញ្ជូនទៅតុលាការ ។
ករណីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខាងលើនេះនគរបាលបានធ្វើឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបរិវេណវត្ដបទុម រតនដីដុះ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ។
របាយការណ៍នគរបាលប្រឆាំងគ្រឿងញៀនបានបង្ហាញអត្ដសញ្ញាណជនសង្ស័យទាំង៤ ទី១-ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុង-ខេត្ដកំពង់ចាម ,ទី២-ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅជាមួយជនសង្ស័យ ឈ្មោះ លី ម៉ៅ, ទី៣-ឈ្មោះឯក វិច្ឆិកា ហៅកា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី១០ សង្កាត់-ក្រុងកំពង់ចាម និង ទី៤-ឈ្មោះ ចាន់ សិរីរ័ត្ន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិទី១០ សង្កាត់-ក្រុងកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជាមួយការឃាត់ខ្លួនជនពាក់ព័ន្ធជួញដូរគ្រឿងញៀនទាំង៤នាក់នេះ នគរបាលបានរឹបអូសថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៨កញ្ចប់តូច ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានប្រកបមុខរបរលក់ថ្នាំញៀនពិតមែន តែទើបនឹងចាប់ផ្ដើមប៉ុណ្ណោះ ។
យោងតាមចម្លើយរបស់់ជនសង្ស័យនិងវត្ថុតាង(ថ្នាំញៀន) សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿងបញ្ជូនអ្នកទាំង៤ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕