ភ្នំពេញ ៖ នារី២នាក់ជិះម៉ូតូ nex មួយគ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BS-3906 ត្រូវក្រុមចោរប្លន់ មានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេចរួចពួកគេជិះគេចខ្លួនបាត់ ស្រមោលភ្លាមៗ កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅចំណុចមុខហាងស៊ូគីស៊ុប បូកគោតាមបណ្ដោយផ្លូវលេខ៩៥ កែង ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ។ នារីរងគ្រោះទាំង២ នាក់ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយទេ ព្រោះកំពុងធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្ដិ៍រដ្ឋបាលបឹងកេងកងទី៣ ។
បើយោងតាមប្រភពព័ត៌មានពី សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះទាំង ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក nex ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BS-3906 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង តែមិនដឹងថាពួកនាងទើបចេញពីកន្លែងណាឬក៏មកពីណាឡើយ ។ ពេលពួកនាង ជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូស្មាស់ ពណ៌ខ្មៅគ្មានស្លាកលេខមួយគ្រឿងមកឈប់ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូនារីរង គ្រោះបណ្ដាលឱ្យដួលរួចព្យាយាមដណ្ដើមយកម៉ូតូពីនារីរងគ្រោះតែពួកនាងមិនព្រមឱ្យ។ខណៈនោះជនសង្ស័យម្នាក់បាន ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកពីចង្កេះភ្ជង់ ទៅលើនារីជាអ្នកកាន់សោម៉ូតូ ហើយ និយាយគំរាមរកបាញ់សម្លាប់ជនរងគ្រោះ ចោលបើសិនជាមិនប្រគល់សោម៉ូតូទៅឱ្យពួកគេ។ ដោយសារតែពួកនាងជានារី ទន់ខ្សោយដូច្នេះពួកនាងក៏សម្រេចចិត្ដ ប្រគល់ម៉ូតូទៅឱ្យជនសង្ស័យតែម្ដងទៅ ។ ភ្លាមៗនោះក្រុមជនសង្ស័យបានលើក ម៉ូតូនារីរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ទៅ ។ ចំណែកនារីរងគ្រោះបានត្រឹមឈរ ស្រែកយំនិងសុំអន្ដរាគមន៍ពីសមត្ថកិច្ច តែប៉ុណ្ណោះ ។
ជុំវិញករណីប្លន់ប្រដាប់អាវុធខាងលើ នេះក្រោយកើតហេតុជិតមួយម៉ោងទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានត្រឹមតែណែនាំនារី រងគ្រោះឱ្យទៅដាក់ពាក្យបណ្ដឹងនៅទីស្នាក់ ការប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី ៣ ដើម្បីងាយស្រួលកំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរប្លន់ ប្រដាប់អាវុធខាងលើយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕