ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្ម ភាពវាយប្លន់យកខ្សែដៃខ្សែកពីនារីម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋនាំគ្នាព័ន្ធចាប់ឱ្យសមត្ថកិច្ច ខណៈដែល ជនល្មើសជិះម៉ូតូមកជិតនារីរងគ្រោះ ហើយវាយប្លន់យកខ្សែកខ្សែដៃរួចជិះម៉ូតូប្រុងគេចខ្លួន ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនល្មើសដែលធ្វើសកម្មភាពវាយ ប្លន់យកខ្សែកខ្សែដៃពីនារីរងគ្រោះនេះ ត្រូវបានគេស្គាល់ឈ្មោះអោម សុឃឿន ហៅអាតឿ អាយុ២៦ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើត ហេតុខាងលើ មានស្រុកកំណើតនៅភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AZ-9384 ។
ដោយឡែកនារីរងគ្រោះឈ្មោះ ជឹម យ៉ា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោង ចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ ខាងលើ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្ដព្រៃវែង បានបាត់ខ្សែក១ជីកន្លះនិងខ្សែដៃ៣ជីធ្វើ អំពីប្លាទីនទាំងអស់ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានដើរទៅទិញម្ហូប ស្រាប់តែជន ល្មើសជិះម៉ូតូមកពីក្រោយចាប់ក្រៀក នាងជាប់ រួចឆក់យកខ្សែកខ្សែដៃពីនាង ធ្វើឱ្យមានការប្រតាយប្រតប់គ្នា ហើយ ពេលជនល្មើសជិះម៉ូតូរត់គេចក៏ត្រូវនាងស្រែកឱ្យប្រជាពលរដ្ឋជួយឡោមព័ទ ចាប់ឱ្យសមត្ថកិច្ចភ្លាមៗតែម្ដង ។ បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍នគរបាល រដ្ឋបាលចោមចៅកំពុងសាកសួរដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕