រាជធានីភ្នំពេញ ៖
ក្រោយពីឆ្លងកាត់ការសាកល្បងធ្វើជាពិធីការិនីនៅក្នុងកម្មវិធី រាត្រីកម្សាន្ត របស់ទូរទស្សន៍ CTN អស់រយៈពេលជិតមួយឆ្នាំមកនៅពេលនេះស្រីស្រស់កញ្ញា គង់ វង្សយ៉ាទី
បានកែប្រែខ្លួនមកជាបុគ្គលពេញសិទ្ធិប្រចាំនៅក្នុងទូរទស្សន៍ល្បីមួយនេះហើយ។ ការឆ្លងកាត់ភាពមិនប្រាកដប្រជានេះហើយដែលធ្វើឱ្យ គង់ វង្សយ៉ាទី កាន់តែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ខ្លួនរហូតមានព័ត៌មានថា ថ្នាក់លើរបស់នាងបានត្រៀមទម្លាក់ការងារឱ្យនាងធ្វើជាពិធីការិនីក្នុងកម្មវិធីថ្មីបន្ថែមទៀតផង។
ព័ត៌មាននេះនៅពេលយើងសួរនាំបន្ថែម គង់ វង្សយ៉ាទី បានបញ្ជាក់ដែរថា បើតាមព័ត៌មានដែលនាងបានដឹងល្ហៀងៗពីថ្នាក់លើ គឺមេរបស់នាងពិតជាមានគម្រោងឱ្យនាងទៅកាន់កម្មវីធីថ្មីមួយទៀតពិតមែន ប៉ុន្តែកម្មវិធីនោះនាងក៏មិនទាន់បានដឹងប្រាកដថា មានចំណងជើងដូចម្តេច? ឬផ្តោតទៅលើអ្វី? និងត្រូវចាប់ផ្តើមនៅពេលណាដែរ ។ ដូច្នេះហើយនាងសូមមិនទាន់អាចបញ្ជាក់ព័ត៌មានច្បាស់ការណ៍បាននៅឡើយទេ ប៉ុន្តែទោះយ៉ាងណានៅពេលនាងទទួលបានកម្មវិធីថ្មីបន្ថែម នាងនឹងខិតខំហ្វឹតហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែល្អ ក្នុងគោលបំណងបំពេញចិត្តថ្នាក់ដឹកនាំក៏ដូចជាដើម្បីប្រជាប្រិយភាពរបស់ខ្លួនផងដែរ៕