រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់មានផ្ទៃពោះ ៧ ខែ បានឈឺពោះសម្រាលកូន ហើយដោយសារជីវភាពក្រីក្រពេក បុរសជាប្ដីបានបង្ខំចិត្តខ្ចីរទេះ នៅក្នុងការដ្ឋានសំណង់ មួយកន្លែងដាក់ប្រពន្ធ អូសទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន បង្កឲ្យមានការ
ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣៥ នាទីទៀបភ្លឺថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវលេខ២០១១ ត្រង់ចំណុចមុខផ្សារ បឹងឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ នៅពេលបុរសជាប្តី អូសប្រពន្ធតាមរទេះ ចេញពីកន្លែងស្នាក់នៅ បានចម្ងាយ ៥០០ម៉ែត្រ ស្រាប់ស្ត្រីជាប្រពន្ធ ឈឺពោះកាន់តែខ្លាំងឡើងៗ ហើយក៏ចាប់ផ្ដើមសម្រាលកូន តែជាអកុសលកូននោះ កើតមកច្រាសជើង កើតមិនរួចឡើយ នាំឲ្យស្ត្រីជាម្តាយមានសុខភាព ដុនដាបយ៉ាងខ្លាំង គឺគ្រូពេទ្យជួយសង្គ្រោះ បានតែជីវិតម្ដាយ ឯកូនប្រុសនោះបានស្លាប់ គួរឲ្យសង្វេគបំផុត។
ស្ត្រីអភ័ព្វម្នាក់នោះ មានឈ្មោះ ម៉ុង ចន្ថា អាយុ ៣៥ឆ្នាំ ចំណែកឯបុរសជាប្ដី មានឈ្មោះ គង់ សុខ អាយុ ៣៥ឆ្នាំ មុខរបរជា កម្មករសំណង់ និងមានកូនស្រី ២នាក់ មានស្រុកកំណើតក្នុងភូមិ សេរីមាន់១០ ឃុំសេរីមាន់១០ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយបានមកស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយ ក្នុងភូមិកើតហេតុ ហើយកូនប្រុសដែលកើតច្រាសជើងហើយស្លាប់នោះ គឺជាកូនទី ៣ក្នុងគ្រួសារ ៕