ព្រះសីហនុៈ អគ្គិភ័យបានឆាបឆេះ ផ្ទះសំណាក់បរទេស
(BUNGALOW) យ៉ាងសន្ធោសន្ធៅ នៅលើកោះរ៉ុង កាលពីវេលាម៉ោង០៥ និង៥០នាទីព្រឹក
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងក្រុមទី១ ភូមិកោះតូច សង្កាត់
កោះរ៉ុង ក្រុងខេត្តព្រះសីហនុ ។
លោកវរសេនីយត្រី ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ
បានមានប្រសាសន៍អោយដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានចំនួន៣នាក់
ក្នុងនោះមានទី១ឈ្មោះ ឃួន គា ភេទប្រុស អាយុ៣៣ឆ្នាំ ជួល អោយបរទេស
បើកផ្ទះសំណាក់ឈ្មោះ ខននឺបា ឆេះខូចខាតអស់២ខ្នងផ្ទះ ទី២ឈ្មោះ រស់ គុននុច
ភេទស្រី អាយុ៣០ឆ្នាំ មានប្តីបរទេស ហើយបានជួលផ្ទះ អោយបរទេសទំហំ ៨ម៉ែត្រ
គុណ២០ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បៅ ឆេះខូចខាតអស់ខ្នង ទី៣ឈ្មោះ លី ទី ហៅតាហូង
ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជួលអោយបរទេសស្នាក់នៅ ទំហំ ៨ម៉ែត្រ គុណ២០ម៉ែត្រ
ធ្វើអំពីឈើប្រក់ស្បូវ ឆេះខូចខាតអស់១ខ្នង ។ គ្រោះអគ្គិភ័យ នេះបានបណ្តាល
អោយខូចខាត សម្ភារៈផ្សេងៗទៀតជាច្រើន ។
ពេលនេះសមត្ថកិច្ចមិនអាចវាយតម្លៃ
នៃការខូចខាតជាប្រាក់អស់ចំនួនប៉ុន្មាននោះទេ ព្រោះម្ចាស់ផ្ទះសំណាក់ បរទេស
ទាំងនោះមួយចំនួនកំពុងស្នាក់ នៅលើគោកក្នុងក្រុងព្រះសីហនុ នៅឡើយ ហើយនៅសល់តែ
បុគ្គលិកប៉ុណ្ណោះ ដែលបំរើការងារនៅទីនោះ ។
ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះ
គេបានដាក់ការសង្ស័យទៅលើបុរសជនជាតិអូស្រ្តាលី ដែលបានបោះ កន្ទុយបារី
ចោលលើស្បូវ ព្រោះបន្ទាប់ពីកើតគ្រោះអគ្គិភ័យ
នេះភ្លាមបុរសរូបនោះបានគេចខ្លួនបាត់ នៅសល់តែ
ស្រ្តីម្នាក់ដែលជាមិត្តស្រីរបស់ខ្លួនប៉ុណ្ណោះ ។
សាក្សីនៅកន្លែងកើតហេតុក៏បាននិយាយប្រាប់អោយដឹងផងដែរថា កាលពីពេលព្រឹក
ព្រលឹមគេឃើញអណ្តាតភ្លើងឆេះផ្ទះតែ១ខ្នងទេ តែដោយនៅលើកោះនោះស្ថិត នៅលើលំហ
សមុទ្រនិងចំពេល ដែលធ្លាក់ខ្យល់ផងនោះទើបបណ្តាលអោយឆេះ រាលដាលដល់ផ្ទះផ្សេងទៀត
យ៉ាងលឿន បំផុត បើទោះបីជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស
ជាច្រើនបាននាំគ្នាជួយពន្លត់យ៉ាងណាក៏ដោយ ។
គេសង្កេតឃើញប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើន
និងម៉ាស៊ីនបូមទឹកតូចៗ ចំនួន៦ គ្រឿង ទៀតដើម្បីជួយពន្លត់គ្រោះអគ្គិភ័យនេះ
រហូតដល់ម៉ោង ៧ និង៣០នាទី អណ្តាត ភ្លើងក៏បានរលត់អស់ទាំងស្រុង ៕