រាជធានីភ្នំពេញ ៖
បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម និង ២ នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុក គូទរថយន្តយីឌុប បណ្តាលឲ្យដួលបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង ៤និង៤០ នាទីទៀបភ្លឺ
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចស្តុបផ្សារដីហុយ មហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវណតប្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ វ៉ាត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ មុនពេលកើតហេតុ ជនរងគ្រោះ ទាំង ៣នាក់ ទើបនឹងត្រឡប់ មកពីហូបការមិត្តភក្តិ នៅខេត្តកំពង់ស្ពឺ បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-6294 មានគ្នា ៣នាក់ តាមមហាវិថី សហព័ន្ធរុស្ស៊ី ពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ។
ចំណែករថយន្តយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ តាកែវ 3A-0270 បើកបរដោយបុរសម្នាក់ តាមផ្លូវណតប្រីត ពីជើងទៅត្បូង ខណៈមកដល់ចំណុច ស្តុបផ្សារដីហុយ រថយន្តយីឌុប កំពុងឆ្លងផ្លូវ ម៉ូតូជិះលឿនពេកគេចមិនទាន់ក៏ ជ្រុលទៅបុកគូទរថយន្ត បណ្តាលឲ្យដួលបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បែកក្បាលហូរឈាម ស្លាប់អ្នកបើកម៉ូតូភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរ ២នាក់ទៀត បានរងរបួសធ្ងន់៕