រាជធានីភ្នំពេញ ៖
ដោយសារតូចចិត្តនឹងជំងឺរាំរ៉ៃ ព្យាបាលមិនជា ស្ត្រីក្រមុំចាស់ម្នាក់បានដាច់ចិត្ត ធ្វើអត្តឃាតដោយយកខ្សែភ្លើង សម្រាប់ដោតឆ្នាំងអគ្គិសនី ទៅចងនឹងចំរឹងដែកបង្អួច ហើយត្រូវប្អូនស្រី ប្រទះឃើញកាលពីវេលាម៉ោង ៨និង៣០
នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតក្នុងផ្ទះលេខ២៧សេ ផ្លូវ១៣៥ ក្រុម៧ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ យឹម ប៊ុននី អាយុ ៥១ឆ្នាំ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ ។ បើតាមប្អូនស្រីជនរងគ្រោះ ឈ្មោះ យឹម វណ្ណា បានឲ្យដឹងថា បងស្រីរបស់ គាត់មានជំងឺរ៉ាំរៃ យូរឆ្នាំមកហើយ ពោលគឺ ២-៣ ឆ្នាំកន្លងទៅនេះ បងស្រីគាត់ បានប៉ុនប៉ង លេបថ្នាំសម្លាប់ ខ្លួន ៣-៤ ដងដែរ ប៉ុន្តែត្រូវបាន ជួយសង្គ្រោះទាន់ និងបានសុំអង្វរគាត់ កុំឲ្យគិតខ្លី ព្រោះមានបងស្រីបង្កើត ដែលរស់នៅសហរដ្ឋអាមេរិក ជួយផ្តល់លុយកាក់ សម្រាប់ចិញ្ចឹម និងទិញថ្នាំព្យាបាល។
ជារៀងរាល់ព្រឹក ស្ត្រីរងគ្រោះតែងតែ ចេញមកជួយរៀបចំ ឥវ៉ាន់លក់ដូរ នៅមុខផ្ទះបន្តិចបន្តួច ប៉ុន្តែនៅថ្ងៃកើតហេតុ ម៉ោងប្រហែល ៧ព្រឹក ស្ត្រីរងគ្រោះបានដើរចេញពីក្នុងបន្ទប់ មកខាងក្រៅមួយភ្លែត ក៏ចូលទៅសម្ងំក្នុងបន្ទប់វិញបាត់ទៅ ។ នៅពេលគាត់រៀបចំឥវ៉ាន់ សម្រាប់លក់ដូររួច ក៏បានទិញបបរ យកទៅឲ្យបងស្រី នៅក្នុងបន្ទប់ដេក ដូចធម្មតា ខណ:រុញទ្វារបន្ទប់ចូលទៅ ក៏ឃើញស្ត្រីរងគ្រោះបានចងក ក្នុងបន្ទប់ដេក មិនដឹងស្លាប់ពី ពេលណាឡើយ ទើបស្រែក ផ្អើលឆោឡោឡើង ហៅអ្នក ជិតខាងមកជួយ និងបានប្តឹង ទៅនគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ ភ្លាមៗផងដែរ៕