ភ្នំពេញ:
នៅវេលាម៉ោង ១១:៣០ នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាឧទ្ធរណ៍ បាន សម្រេចតម្កល់សេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ នៅដដែល ដោយមិនអនុញ្ញាតឲ្យជនទាំង ២១ នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារត្រពាំងផ្លុងនោះ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីជនជាប់ចោទទាំងនោះ ទេ។
បន្ទាប់ពីការសម្រេចរបស់សាលាឧទ្ធរណ៍នោះ ក្រុមព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នក គាំទ្រ ដែលនៅខាងក្រៅរបងសាលាឧទ្ធរណ៍ បាននាំគ្នារុញច្រានទ្វាររបងសាលា ឧទ្ធរណ៍ ដើម្បីសម្រុកចូលក្នុងសាលាឧទ្ធរណ៍ ជាមួយនឹងការស្រែកទាមទារ ឲ្យមាន ការដោះលែងជនទាំង ២១ នាក់នោះ។
មកដល់ពេលនេះ ស្ថានការណ៍កំពុងប្រឈមមុខដាក់គ្នា ដោយសមត្ថកិច្ច បានទប់ស្កាត់ ដើម្បីកុំឲ្យក្រុមប្រជាពលរដ្ឋ ចូលទៅក្នុងសាលាឧទ្ធរណ៍។
សាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះ សំណុំរឿងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកចាន់ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីតំបន់បឹងកក់ លោកថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករ រួមទាំងកម្មករចំនួន ១៨ នាក់ផ្សេងទៀត ស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន នៅម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។ សវនាការនេះ គឺមានលោកឃុន លានម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
នៅថ្ងៃជំនុំជម្រះ នាព្រឹកនេះដែរ ខាងក្រៅរបងសាលាឧទ្ធរណ៍ មានប្រជាពលរដ្ឋ សហគមន៍ អ្នករត់ម៉ូតូឌុប បានឈរកាន់បដា ទង់ជាតិកម្ពុជា ទង់ជាតិសហរដ្ឋអាមេរិក ព្រមទាំងផ្ទាំងរូបភាពមួយចំនួន ដើម្បីទាមទារឲ្យដោះលែងក្រុមជនទាំង ២១ នាក់។ ក្នុងនោះ ក៏មានការថ្លែងសារ របស់មេដឹកនាំសហជីពមួយចំនួន ពាក់ព័ន្ធនឹងការទាម ទារឲ្យមានការដោះលែងអ្នកទាំង ២១ នាក់នោះ។
សូមរម្លឹកថា ជនសង្ស័យទាំង ២៣ នាក់ ដែលមានក្រុមសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាប់ឃាត់ខ្លួន នៅកន្លែងផ្សេងពីគ្នា គឺក្រុមលោក វន់ ពៅ រួមទាំងកម្មករ សរុបទាំងអស់ ១០ នាក់ ត្រូវបានចាប់ខ្លួន នៅចំណុចរោងចក្រ យ៉ាក ជីន ជិតតំបន់សេដ្ឋកិច្ចពិសេសកំបូល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និង១៣ នាក់ ផ្សេងទៀត ចាប់ខ្លួននៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលតវ៉ាឡើងប្រាក់ខែកម្មករកាត់ដេរ។ ហើយអ្នកទាំង ២៣ នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
ជនសង្ស័យទាំង ២៣ នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទបង្កអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន៕