អីរ៉ង់ទើបតែសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២ដើម ប្រកបដោយជោជជ័យកាលពីថ្ងៃទី១០ កុម្ភៈ ក្នុងនោះមានមីស៊ីលវាយប្រហារនៅលើដី និងនៅលើអាកាស ។
សារព័ត៌មាន IRNA
បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក
Hossein Dehqan
បានឲ្យដឹងថា កាំជ្រួចមីស៊ីលដែលទើបតែសាកល្បងនោះជាប្រភេទថ្មី ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ។ មីស៊ីលថ្មីនោះអាចបញ្ចៀសការស្រូបចាប់បានពីប្រព័ន្ធរ៉ាដា ។ លោកបន្តទៀតថា កាំជ្រួចមីស៊ីលខាងលើផលិតឡើងក្នុងគោលដៅកម្ទេចឧបករណ៍យោធារបស់សត្រូវ ។ លោកមិនបានបញ្ជាក់ថា មីស៊ីលនោះបាញ់បានចម្ងាយប៉ុន្មាន ហើយមានកម្លាំងបែបណានោះឡើយ ។
កាំជ្រួចមីស៊ីលបានសាកល្បងនោះមានឈ្មោះ
Bina
មានប្រព័ន្ធនាំផ្លូវដែលអាចបាញ់ចេញពីដីឬបាញ់ចេញពីយន្តហោះក៏បាន ។ មីស៊ីលនោះអាចកម្ទេចរថក្រោះ រថពាសដែក ស្ពាន ថ្នល់ ឬទីបញ្ជាការយោធារបស់សត្រូវបានយ៉ាងងាយស្រួលបំផុត ។
កាលពីថ្ងៃទី១០ កុម្ភៈ រដ្ឋលេខាធិការក្រសួងការបរទេស និងប្រធានគណៈកម្មការបរមាណូអីរ៉ង់ លោក
Abbas Araqchi
បានឲ្យដឹងថា បញ្ហាពាក់ព័ន្ធនឹងការពារជាតិ គឺជាបន្ទាត់ក្រហម ហើយអីរ៉ង់នឹងមិនធ្វើឲ្យរឿងនោះត្រូវលើកយកមកពិភាក្សា ក្នុងកិច្ចពិភាក្សាស្តីអំពីបរមាណូនាពេលខាងមុខឡើយ ។
កន្លងមក លោក
Wendy Sherman
ប្រធានគណៈប្រតិភូពិភាក្សាស្តីអំពីបរមាណូរបស់អាមេរិកបានឲ្យដឹងថា កម្មវិធីកាំជ្រួចមីស៊ីលអ៊ីរ៉ង់ គឺជាប្រធានបទសំខាន់មួយក្នុងកិច្ចពិភាក្សានាពេលខាងមុខ៕