Thursday 06/02/2014 Time : 04 : 03 pm
បន្ទាយមានជ័យ៖
នេះជាករណីលើកទី២ហើយដែលអ្នករត់តាក់ស៊ីជើងខ្លាំងម្នាក់និង
គូកនម្នាក់ទៀតបានជំរិតទាលុយពីអ្នកជិះចំនួន២៤០០បាតក្រោយពេលដែល
អ្នកជិះមិនព្រមឲ្យហើយ
ឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើឲ្យភ្ញាក់ផ្អើលដល់
នគរបាលស្រុកមង្គលបូរីហើយចុះមកឃាត់ខ្លួនជនដៃដល់ជំរិតទារប្រាក់
ទាំង២ នោះបាននៅកន្លែង ហើយបញ្ជូនមកអធិការដើម្បីសាកសួរ ។
ការជំរិតទារលុយពីអ្នកជិះរបស់អ្នករត់តាក់ស៊ីនិងគូកននោះ
នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤
នៅចំណុចមុខរង្វង់មូលរូបយាយជីច្រូតស្រូវ ភូមិចម្ការតាដោក
ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល
អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឲ្យ ដឹងថា៖
អ្នករត់តាក់ស៊ីជើងខ្លាំងខាងជំរិតទារប្រាក់អ្នកជិះនិងគូកន
ម្នាក់ទៀតមានឈ្មោះ ១.នឿន រដ្ឋា ហៅខា ភេទប្រុស អាយុ២៦ឆ្នាំ
រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២.ឈ្មោះ ចេង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ៣
សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ជនទាំង២នេះរយៈពេលកន្លងមកគេតែងតែធ្វើសកម្មភាពចាប់ជំរិតទារប្រាក់
ពីអ្នកជិះរថយន្ត
របស់ខ្លួនបានលុយស្ទើររាប់ម៉ឺនបាតហើយជនទាំង២នាក់នេះតែងតែយក
លុយទៅផឹកស៊ីនិងគូកនផ្សេងៗឈានទៅដល់ការជក់ ទៀតផង
ចំណែកជនរងគ្រោះដែលត្រូវអ្នករត់តាក់ស៊ីនិងគូកនចាប់ជំរិតទារលុយ
នោះមានឈ្មោះ សុង វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអន្លង់កោង
ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក យ៉ត សុផល បាននិយាយ បន្តថា៖ មុនពេលកើតហេតុបុរសជនរងគ្រោះ
បានចេញមកពីបាងកកធ្វើដំណើរសំដៅទៅស្រុកលុះមកដល់ចំណុចរង្វង់មូល
ប៉ោយប៉ែតស្រាប់ពេលនោះឈ្មោះ នឿន រដ្ឋា ហៅខា
និងគូកនម្នាក់ទៀតបានទៅកៀងជនរងគ្រោះនិងស្រវ៉ាយកខោអាវវ៉ាលីដែល
ជនរងគ្រោះ យកមកពីប្រទេសថៃយករត់យកទៅដាក់រថយន្ត
របស់ខ្លួនពេលនោះជនទាំង២ក៏ទាញដៃជនរងគ្រោះយ៉ាងខ្លាំងរុញបញ្ចូល
ឡានតែម្ដង ដោយសន្យាថាខ្លួននិងជូនជនរងគ្រោះឲ្យដល់ផ្ទះ ។ លោក យ៉ត
សុផល បាននិយាយ បន្តថា៖
លុះជនរងគ្រោះចូលក្នុងរថយន្តជិះហើយជនទាំង២នាក់ក៏បើកយ៉ាងលឿន
ឆ្ពោះចូលមកទីរួមខេត្តបន្ទាយមានជ័យលុះជិះមកដល់ចំណុចរង្វង់មូល
យាយជីច្រូតស្រូវស្រុកមង្គលបូរីនោះស្រាប់តែរថយន្តឈប់ហើយគំរាមដល់
ជនរងគ្រោះថាជិះរថយន្តម្នាក់ត្រូវគិតលុយ២៤០០បាត
ពេលនោះជនរងគ្រោះមានការស្រឡាំងកាំងយ៉ាងខ្លាំងហើយបាននិយាយតបតវិញថា
ការជិះរថយន្តនេះគឺតម្លៃតែ១៥.០០០រៀលពីប៉ោយប៉ែតមកខេត្ត
បន្ទាយមានជ័យតែប៉ុណ្ណោះខ្លួនគ្មានលុយដល់ទៅ២.៤០០បាតឲ្យនោះឡើយ
ពេលនោះគូកនម្នាក់ដែលជិះកៀកនិងជនរងគ្រោះបានគំរាមថាបើមិនឲ្យលុយ
ខ្លួនគ្រប់ចំនួន
នោះទេខ្លួននឹងដឹកត្រឡប់ថយក្រោយវិញនិងធ្វើការសម្លាប់តាមផ្លូវ
ទៀតផង
ស្របពេលនោះជនរងគ្រោះក៏បានធាក់ទ្វាររថយន្តចេញមកក្រៅស្រែកឲ្យគេ
ជួយ
ពេលនោះនគរបាលស្រុកមង្គលបូរីនៅជាប់ជិតនោះក៏ចុះមកធ្វើអន្តរាគមន៍
ហើយចាប់ឃាត់ខ្លួនជនកំហូចទាំង២នាក់នៅ
កន្លែងកើតហេតុតែម្ដងហើយបញ្ជូនមកអធិការដើម្បីកសាងសំណុំរឿងបញ្ជូន
មកស្នងការចាត់ការបន្ត ។
បច្ចុប្បន្នជនកំហូតទាំង២នាក់នោះត្រូវនគរបាលព្រហ្មទណ្ឌ័កម្រិត
ធ្ងន់កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីដាក់ទោសទៅតាម
ផ្លូវច្បាប់ ៕
