ខេត្តកណ្តាល ៖
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈដែលជននេះបានប្រើប្រាស់ចាយវាយក្រដាសក្លែងក្លាយ ។ ហេតុការណ៍នេះកើតឡើង
កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងហាងផឹកស៊ីយីហោ ពន្លឺអង្គរ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ខេង ចាន់ផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល និងម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ត្រេន ភេទប្រុស អាយុប្រហែល២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
ប្រភពដដែលបានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យ និងបក្ខពួកបាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងយីហោពន្លឺអង្គរ ។ លុះផឹកស៊ីបានមួយសន្ទុះជនសង្ស័យក៏បានហៅម្ចាស់ហាងឲ្យគិតលុយ ពេលនោះម្ចាស់ហាងបានគិតលុយថ្លៃផឹកស៊ីអស់ចំនួន២២.០០០រៀល ហើយជនសង្ស័យក៏បានឲ្យក្រដាសប្រាក់១ម៉ឺនរៀល៣សន្លឹក (ក្រដាស់ប្រាក់ក្លែងក្លាយ) ទៅឲ្យម្ចាស់ហាង ។ ដោយមានការសង្ស័យម្ចាស់ហាងពុំបានទទួលយកក្រដាសប្រាក់ទាំងអស់នោះទេ ។ បន្ទាប់មកម្ចាស់ហាងក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយ អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់តែម្តង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចនគរបាល រកឃើញក្រដាសប្រាក់១ម៉ឺនរៀលក្លែងក្លាយ ចំនួន៥សន្លឹក នៅក្នុងហោប៉ៅខោ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាត់ការបន្តតាមច្បាប់ ៕