ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅម្ដុំខាងកើតផ្សារអូរឫស្សី ខណ្ឌ៧មករា ខណៈដែលយុវជនម្នាក់ឃើញគូដណ្ដឹង ជិះម៉ូតូជាមួយបុរសផ្សេង(សង្សារ) ហើយយុវជនរូបនេះស្រែកថាចោរៗ ធ្វើ ឱ្យសមត្ថកិច្ចនៅទីនោះតាមចាប់សង្សារ របស់គូដណ្ដឹងយកទៅសាលាសង្កាត់ អូរឫស្សីទី១ ដើម្បីសាកសួរជាបន្ទាន់ ។
តាមប្រភពព័ត៌មានពីអាជ្ញាធរ សង្កាត់អូរឫស្សីទី១ បានឱ្យដឹងថា ករណី នេះមិនមែនជារឿងចោរលួច ចោរប្លន់ ស្អីនោះទេ ការពិតជារឿងគូដណ្ដឹង និង ម្ដាយក្មេកតាមទាន់កូនស្រីដែលជិតដល់ ថ្ងៃចូលរោងការ បែរជាពង្រត់សង្សារពី ស្រុកកំណើតមកកាន់ទីក្រុងភ្នំពេញ ។
ប្រភពដដែលឱ្យដឹងទៀតថា កញ្ញា ធ.រ អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក មេមត់ ខេត្ដកំពង់ចាម នៅសល់តែជាង មួយអាទិត្យទៀតប៉ុណ្ណោះ នឹងរៀបមង្គល ការជាមួយកូនប្រុសម្នាក់(សុំមិនបញ្ចេញ ឈ្មោះ) អាយុ២០ឆ្នាំ រស់នៅក្នុងភូមិជា មួយគ្នាទៅហើយ ។ ប៉ុន្ដែមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្រាប់តែនាង ធ.រ បានបបួលសង្សារឈ្មោះ ពៅ ពន្លក អាយុ ១៧ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរនោះ ជិះម៉ូតូឌុបគ្នា ដើម្បីចាកចេញពីគូដណ្ដឹង មកដេកនៅផ្ទះសំណាក់នៅភ្នំពេញអស់មួយយប់ ។
ខណៈដែលបាត់កូនស្រីមិនឃើញនៅក្នុងផ្ទះ ម្ដាយនាង ធ.រ និងគូដណ្ដឹងនាង ដែលនឹងត្រូវជាកូនប្រសា បានធ្វើដំណើរ ចាកចេញពីស្រុកកំណើតមកស្វែងរក កូននៅក្រុងភ្នំពេញ ។ លុះធ្វើដំណើរមក ដល់ខាងកើតផ្សារអូរឫស្សី ស្រាប់តែប្រទះ ឃើញឈ្មោះ ពៅ ពន្លក កំពុងជិះម៉ូតូតែ ម្នាក់ឯង ក៏នាំគ្នាឃាត់ឱ្យឈប់ ។ ប៉ុន្ដែ ឈ្មោះ ពៅ ពន្លក មិនព្រមឈប់ដើម្បីជជែក គ្នារកខុសត្រូវនោះ ក៏ត្រូវគូដណ្ដឹងរបស់ នាង ធ.រ ស្រែកថាចោរៗ ដើម្បីឱ្យសមត្ថ កិច្ចជួយចាប់ឃាត់ខ្លួនតែម្ដងទៅ ។ ខណៈ ដែលឃាត់ខ្លួនឈ្មោះ ពៅ ពន្លក បានហើយ នោះ ទើបលេចមុខនាង ធ.រ នៅចំពោះ មុខម្ដាយ និងគូដណ្ដឹង ហើយក៏ត្រូវបាន អាជ្ញាធរសង្កាត់ផ្សារអូរឫស្សីទី១ហៅទៅ សាកសួរ និងធ្វើកំណត់ហេតុ ។
ប្រភពដដែលបន្ដទៀតថា ក្រោយពី មានការភ្ញាក់ផ្អើលហើយនោះ គូដណ្ដឹង និងម្ដាយក្មេកបានស្នើសុំឱ្យអាជ្ញាធរ សង្កាត់ផ្សារអូរឫស្សីទី១ ឱ្យយុវជនឈ្មោះ ពៅ ពន្លក ធ្វើកិច្ចសន្យាឈប់ទាក់ទងជា មួយនាង ធ.រ តទៅទៀត បើពុំដូច្នោះទេ គាត់ជាម្ដាយ និងគូដណ្ដឹងនឹងធ្វើពាក្យ បណ្ដឹងពីបទចាប់រំលោភមិនខាន ។ នៅ ពេលនេះ ពួកគាត់មិនបានដាក់ពាក្យ បណ្ដឹងសុំឱ្យអាជ្ញាធរសង្កាត់ដោះស្រាយ តាមផ្លូវច្បាប់នោះឡើយ ខណៈដែលឈ្មោះ ពៅ ពន្លក បានសារភាព និងធ្វើកិច្ចសន្យា ឈប់ទាក់ទងនាង ធ.រ តទៅទៀត ។
ដោយមានកិច្ចសន្យាត្រឹមត្រូវចំពោះ មុខអាជ្ញាធរ ម្ដាយនាង ធ.រ និងគូដណ្ដឹង បានសុខចិត្ដអង្វរករកូនស្រីឱ្យវិលត្រឡប់ ទៅផ្ទះវិញ ដើម្បីរៀបចំចូលរោងការ បំពេញមុខឪពុកម្ដាយនិងក្រុមគ្រួសារ បើទោះបីជាពេលនេះនាងជួបរឿងអាស្រូវ បែបនេះក៏ដោយ ។
គេនៅមិនទាន់ដឹងថា នៅពេលវិល ត្រឡប់ទៅស្រុកកំណើតវិញនោះ តើនាង ធ.រ និងគូដណ្ដឹងអាចចូលរោងការតាម ប្រពៃណីដើម្បីបំពេញមុខឪពុកម្ដាយដែរ ឬយ៉ាងណានោះទេ នៅពេលដែលអ្នក ស្រុក អ្នកភូមិបានដឹងរឿង ជិតដល់ថ្ងៃ ចូលរោងការ ហើយបែរជានាងដឹកដៃ សង្សារមកដេកផ្ទះសំណាក់នៅភ្នំពេញ ទាំងស្នេហារោលរាលបែបនេះសោះ ៕