រាជធានីភ្នំពេញ ៖
យុវជនម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និង ២ នាក់ទៀត រងរបួសធ្ងន់ ដោយសារពួកគេ ជិះម៉ូតូក្នុងល្បឿនលឿន បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២០និង៤០ នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់
ចំណុច មុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយ ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហន ហឹង ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរគ្រីប ខោអាវជជុះ នៅផ្សារអូឡាំពិក ស្នាក់នៅភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង និងអ្នកដែលរងរបួសធ្ងន់ មានឈ្មោះ ផុន ស្រស់ អាយុ ៣០ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅកាន់ នៅមន្ទីរពេទ្យភ្លាមៗ និងអ្នករងរបួសម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណទេ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-8866 ជិះគ្នា ២នាក់ ធ្វើដំណើរតាម បណ្ដោយ ផ្លូវលេខ ២៧១ ក្នុងទិសដៅពីកើតទៅលិច បានជ្រុលទៅបុក ជាមួយម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AI-6560 ជិះម្នាក់ឯង ក្នុងទិសដៅ បញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹង កន្លែងកើតហេតុតែម្តង៕