ខេត្តក្រចេះ ៖
យ៉ាងហោចណាស់បុរសម្នាក់ បានរងរបួសបាក់ភ្លៅ ដោយសារបើករថយន្ត ឡិចស៊ីស ទៅបុកជាមួយត្រាក់ទ័រ ក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខយ៉ាងពេញទំហឹង នៅចំណុចសង្កាត់អូរឬស្សី ក្រុងក្រចេះ កាលពីវេលាម៉ោង ១ រំលង
អធ្រាត ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តឡិចស៊ីស RX300 ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2N-1515 បានបើកបោះពួយក្នុងល្បឿនលឿន និងបានរេចង្កូត ទៅបុកត្រាក់ទ័រ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យដាច់កង់ត្រាក់ទ័រ ផ្នែកខាងមុខ។
ប៉ុន្តែក្នុងហេតុការណ៍ខាងលើ មិនបានបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយជនរងគ្រោះ ជាអ្នកបើករថយន្តឡិចស៊ីស មានឈ្មោះ វៀច យ៉ាន អាយុ ២៣ឆ្នាំរស់នៅឃុំដារ ស្រុកចិត្របុរី ត្រូវរងរបួសបាក់ភ្លៅ រីឯអ្នកបើកបរត្រាក់ទ័រ បានរត់គេចខ្លួន បន្ទាប់ពីកើតហេតុ។ សមត្ថកិច្ចបានចុះទៅវាស់វែង រួចនាំយករថយន្តនិង ត្រាក់ទ័រ ទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្ត រងចាំការដោះស្រាយ៕ ដោយ គឹម ហ៊ាត