រាជធានីភ្នំពេញ ៖
បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវក្រុមចោរហៅឌុបទៅទីស្ងាត់ រួចធ្វើសកម្មភាព វាយឲ្យសន្លប់អូសទម្លាក់ទឹក ប្លន់យកម៉ូតូទៅបាត់ ហើយសពជនរងគ្រោះ ត្រូវបានប្រទះឃើញ នៅក្នុងទឹករណ្តៅដី ក្នុងភូមិក្រាំង
អង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស្រ៊ុន លុច្យ ភេទប្រុសអាយុ ៤០ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុក កំណើតនៅឯ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-7280 មានប្រពន្ធឈ្មោះ សៀង សារឿន អាយុ ៤០ឆ្នាំ មានមុខរបរជា កម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិព្រែកពង ឃុំព្រៃកប្បាស់ ស្រុកបាទី ខេត្តតាកែវ មានកូន ៣នាក់ ប្រុស ២នាក់និងស្រីម្នាក់។
ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា កាលវេលាទៀបភ្លឺថ្ងៃទី២០ ខែកុម្ភះ ប្តីរបស់គាត់បានចេញ ទៅរត់ម៉ូតូឌុប នៅម្តុំមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ពេល ដែលប្តីចេញបាត់ តែបន្តិច គាត់បានទូរស័ព្ទមកសួរសុខទុក្ខប្តី តែទូរស័ព្ទមិនចូល ហើយចាប់ពីពេលនោះ ក៏បាត់ដំណឹងរហូត ហើយគាត់បាននាំកូនៗតាមរក គ្រប់ច្រកល្ហកទាំងអស់ តែរកមិនឃើញ រហូតដល់ថ្ងៃទី២១ ខែកុម្ភះ ទើបទទួលព័ត៌មានថា គេប្រទះឃើញសាកសពបុរសម្នាក់ ក៏ឲ្យកូនមកពិនិត្យមើល ឃើញថា ជាប្តីរបស់គាត់ពិតមែន ។
ស្ត្រីខាងលើបានបន្តថា គ្រួសារគាត់មានជីវភាពក្រីក្រខ្លាំងណាស់ រាល់ថ្ងៃបានប្តីរត់ម៉ូតូឌុប គ្រាន់ចិញ្ចឹមឆ្នាំង ហើយពេលនេះអស់ពីប្តីទៅ គាត់គ្មានអ្វីជាទីពឹងនោះទេ ហើយពេលនេះក៏គ្មានលុយកាក់ សម្រាប់ធ្វើបុណ្យឲ្យប្តីដែរ មិនចាំបាច់ដល់លុយធ្វើបុណ្យនោះទេ សូម្បីតែលុយដឹកសព យក ទៅវត្តដើម្បីបូជា ក៏គ្មានដែរ។ ស្ត្រីខាងលើបានទ្រហោយំអង្វរ ឲ្យអ្នកដែលទៅមើលសាកសព មេត្តាជួយដឹកសពប្តីរបស់គាត់ ទៅរកវត្តណាដែលនៅជិតៗនោះ ដើម្បីបានបូជាឲ្យសមរម្យផង ពីព្រោះ គាត់ពុំមានសមត្ថភាពនោះទេ ។
ក្រោមទិដ្ឋភាពយំសោក ដង្ហើយហៅរកអ្នកជួយ សុំត្រឹមតែដឹកសពប្តី ទៅរកកន្លែងបូជា ឲ្យបានសមរម្យនឹងគេនោះ ប្រជាពលរដ្ឋដែលបាន ទៅឈរមើលនោះ បានលះបង់ថវិកាផ្ទាល់ខ្លួន បន្តិចបន្តួចម្នាក់ ចូលបុណ្យបានមួយចំនួនតូច ។ បើយោងតាមការសន្និដ្ឋាន របស់សមត្ថកិច្ច គឺជនរងគ្រោះអាចត្រូវ ក្រុមចោរមានគ្នា មិនតិចជាង ២នាក់នោះទេ ធ្វើសកម្មភាពវាយជនរងគ្រោះឲ្យសន្លប់ រួចហើយអូសទម្លាក់ទឹក ឈ្លក់ស្លាប់តែម្តង។ ជនរងគ្រោះមានស្នាមរបួស ជាំភ្នែក បែកបបូមាត់ និងបែកថ្ងាសបន្តិច ហើយនៅក្បែរសាកសពនោះគឺ មានកូនសោរ ភ្ជាប់ដោយច្រវ៉ាក់ ប្រវែងជាង ២តឹក ដូច្នេះនេះជាករណីវាយប្លន់ ពីព្រោះជនរងគ្រោះ បាត់ម៉ូតូមួយគ្រឿងផងដែរ៕