ភ្នំពេញ ៖ បុរសមានប្រពន្ធនិងកូនបានជិះម៉ូតូមួយគ្រឿងត្រូវក្រុមចោរមានគ្នា២នាក់បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលរួចប្លន់យកម៉ូតូទៅបាត់ ខណៈដែលបុរសរងគ្រោះបានឌុបប្រពន្ធ និងកូនទៅលក់បាយនៅមុខរោងចក្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្តីប្រពន្ធរងគ្រោះដែលត្រូវចោរប្លន់យកម៉ូតូមានឈ្មោះ សាម សុំ អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានទីលំនៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ កែវ សាវឿន អាយុ៤២ឆ្នាំ មុខរបរលក់បាយនៅមុខរោងចក្រ និងកូនឈ្មោះ សាម បុត្រ អាយុ១៦ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-2545 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់និងប្រពន្ធព្រមទាំងកូនបានជិះម៉ូតូដើម្បីទៅលក់បាយនៅមុខរោងចក្រក្នុងសង្កាត់កន្ទោក ។ លុះជិះពេលម៉ូតូតាមផ្លូវស្រាប់តែមានក្រុមចោរមួយក្រុមជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ មកជែងម៉ូតូរបស់គាត់ កាក់ពីមុខហើយធាក់ម៉ូតូរបស់គាត់បណ្តាលឲ្យដួល រួចយកម៉ូតូរបស់គាត់ជិះទៅបាត់ ។
ក្រោយកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបដើម្បីវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់
៕