ភ្នំពេញ ៖ ជនទំនើងម្នាក់បានវាយទៅលើបុរសរងគ្រោះម្នាក់ត្រូវមួយដៃចំកណ្តាលមុខ ថែមទាំងជេរប្រមាថ និងស្រែកឡូឡា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយពេលសមត្ថកិច្ចចុះមកសួរនាំ បែរជាជនទំនើងនោះជេរសមត្ថកិច្ច និងយកកែវស្រាគប់ទៅលើសមត្ថកិច្ចថែមទៀតផង ក្នុងករណី ដែលជនរងគ្រោះបើករថយន្តមកប៉ះនឹងម៉ូតូមួយគ្រឿង រួចជ្រុលទៅប៉ះម៉ូតូបុរសខាងលើនេះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតមុខហាងយីហោ Coffee Family ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនទំនើងម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះ អ៊ឹម រតនា អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ២២សេ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស៊ីរូស គ្មានស្លាកលេខ ។ ចំណែកជនរងគ្រោះឈ្មោះ ផាត បញ្ញា អាយុ២៥ឆ្នាំ ជាកម្មករស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តកំពត បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2X-5017 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ខ្លួននិងមិត្តភក្តិម្នាក់ទៀតបានជិះរថយន្តមួយគ្រឿងបំណងមកហាង Coffee Family ។ ពេលមកដល់ ខ្លួនបានបើកទ្វាររថយន្តក៏បានប៉ះម៉ូតូមួយគ្រឿងម៉ាកគុប ហើយក៏ដួលទៅប៉ះនឹងម៉ូតូរបស់បុរស ទំនើងខាងលើ បណ្តាលឲ្យដួលទាំង២គ្រឿងតែម្តង ។ ភ្លាមនោះ ខ្លួននឹងមិត្តភក្តិក៏បានចុះទៅលើកម៉ូតូទាំង២ រួចដើរសំដៅទៅសុំទោសម្ចាស់ហាង ថែមទាំងប្រាប់ទៅដល់ម្ចាស់ហាងថា ឲ្យខ្ញុំសុំទោសម្ចាស់ម៉ូតូផង ។ លុះប្រហែលជា៥នាទីក្រោយមក បុរសទំនើងក៏ហៅខ្លួននិងមិត្តភកិ្តទៅជួប ស្រាប់តែបុរសទំនើងបានវាយនិងដើរជេរប្រមាថគេឯង ព្រមទាំងស្រែកឡូឡា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅកន្លែងកើតហេតុទៅសួរនាំ ។ ប៉ុន្តែការមកសួរនាំរបស់សមត្ថកិច្ច បែរជាបុរសទំនើងនោះសំឡុតសមត្ថកិច្ច ព្រមទាំងទាញកែវគប់មកលើសមត្ថកិច្ចថែមទៀត ដែលករណីនេះធ្វើឲ្យសមត្ថកិច្ចឃាត់ខ្លួនបុរសទំនើងនេះមកសួរនាំនៅប៉ុស្តិ៍ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ។
ក្រោយពីសួរនាំរួច សមត្ថកិច្ចបានឲ្យភាគីទាំង២នាក់ចរចានិងសម្រួលគ្នាដើម្បីបញ្ចប់រឿង ។
គួរបញ្ជាក់ថា បុរសទំនើងនេះបានគំរាមកំហែង និងជេរប្រមាថអ្នកសារព័ត៌មានជាច្រើននាក់នៅពេលអ្នកសារព័ត៌មានផ្តិតយករូបភាព ដោយជនទំនើងនោះនិយាយគំរាមថា “ខ្លួនជាជនសង្គមងងឹង ពួកឯងប្រយ័ត្នខ្លួនទៅ” ៕