ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូពេលយប់អត់ភ្លើងបំភ្លឺផ្លូវ បានបើកបុកចំពីមុខរថយន្តមួយគ្រឿងចតលើចិញ្ចើមផ្លូវដែលបញ្ច្រាសទិសផ្លូវ បណ្តាលឲ្យ រថយន្តនិងម៉ូតូខូចខាតទាំងសងខាង ហើយអ្នកម្ចាស់រថយន្តរត់គេចខ្លួនបាត់ ។
ករីណនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ៣៧១ ជិតផ្សារប៉េសេចាស់ ភូមិក្បាលទំនប់ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខកំពង់ស្ពឺ 1A-0474
មិនស្គាល់អត្តសញ្ញាណឡើយ ក្រោយកើតហេតុដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។ ចំណែករថយន្តដែលចតនៅ ចិញ្ចើមផ្លូវតែបញ្ច្រាសទិសចរាចរណ៍ ជាប្រភេទរថយន្តទួរីស១៥កៅអី ពាក់ស្លាកលេខភ្នំពេញ
2D-1264
អ្នកបើកបរគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីសង្កាត់ស្ទឹងមានជ័យ មកសង្កាត់បឹងទំពុន ពោលគឺពីលិចទៅកើត ដោយម៉ូតូគ្មានភ្លើងបំភ្លឺឡើយ ។ មកដល់កន្លែងកើតហេតុ ក៏មានរថយន្តទួរីស១៥កៅអីចតចិញ្ចើមផ្លូវ តែបញ្ច្រាសទិសផ្លូវ(ឈប់នៅខាងស្តាំដៃអ្នកជិះ ម៉ូតូដោយក្បាលរថយន្តបែរមុខទៅលិច) ។ គ្រានោះក៏បណ្តាលឲ្យអ្នកបើកម៉ូតូខ្វះការប្រុង ប្រយ័ត្ន ក៏បានបុកចំពីក្បាលរថយន្តពេញទំហឹងតែម្តង ធ្វើឲ្យអ្នកបើកម៉ូតូបោកខ្ទប់ទៅនឹងរថយន្ត បណ្តាលឲ្យរថយន្តក្រពិតក្បាល និងម៉ូតូខូចខាតជាដំណំ ។
លោកវរសេនីយ៍ទោ ទិត ចំរើន នាយផ្នែកនគរបាលសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ដែលចុះទៅ កាន់កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយការបើកបរខ្វះ ការប្រុងយ័ត្ន ហើយភាគីខាងរថយន្តក៏ខុសដែរ ដោយសារចតរថយន្តខុសទិសចរាចរណ៍ ទើបបង្កជាគ្រោះថ្នាក់ដល់អ្នកដំណើរ ។ ជាមួយគ្នានេះដែរ សូមឲ្យអ្នកធ្វើដំណើរទាំងអស់ត្រូវ បើកបរដោយប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់នូវទ្រឹស្តី “បើស្រវឹងកុំបើកបរ ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសត្រូវអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទើបបញ្ចៀសបាននូវ គ្រោះថ្នាក់ចរាចរណ៍” ៕