ខេត្តព្រះសីហនុ ៖
រថយន្តកុងតឺនមួយគ្រឿងរបស់ក្រុមហ៊ុន
NR ព្រលះគ្នាជាមួយរថយន្តដឹក
សម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី នៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្កឲ្យរថយន្តកុងតឺន័រនោះខ្ទេចមុខអស់មួយចំហៀង និងអ្នកបើកបរកុងតឺន័ររបួសធ្ងន់ ចំណែកអ្នកបើកបរថយន្តដឹកសម្រាមគេចខ្លួនបាត់
ស្រមោល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ
ម៉ែត្រលេខ២០៤-២០៥ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា រថយន្តទាំងពីរគ្រឿងនេះមានទិសដៅបញ្ច្រាស
ទិសគ្នា ដោយរថយន្តកុងតឺន័របើកក្នុងទិសដៅពីភ្នំពេញចូលមកក្រុងព្រះសីហនុ រីឯរថយន្តដឹកសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី បានដឹកសម្រាមចេញពីក្រុងព្រះសីហនុឆ្ពោះទៅទីលានចាក់សម្រាមនៅក្នុង
ស្រុកព្រៃនប់ ពេលមកដល់កន្លែងកើតហេតុ រួមផ្សំនិងផ្លូវជាតិតូចចង្អៀត និងមានម៉ូតូអ្នកដំណើរមួយគ្រឿងកំពុងធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តកុងតឺនរ័ផង ទើបធ្វើឲ្យរថយន្តទាំងពីរគ្រឿងនេះបាន
ងាកមកប៉ះគ្នាតែម្តង ។
សាក្សីនៅកន្លែងកើតហេតុបានបន្តថា ដោយឃើញភាគីខាងរថយន្តកុងតឺនរ័រងគ្រោះខូចខាតខ្ទេចខ្ទី និងអ្នកបើកបររងរបួសធ្ងន់ផង អ្នកបើកបរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំរាម បានឲ្យដឹងថា រថយន្តកុងតឺន័រមានម៉ាកហ៊ីណូជារបស់ក្រុមហ៊ុនNR ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A-6066 បើកបរដោយឈ្មោះ ចក់ និត ភេទប្រុសអាយុ២៦ឆ្នាំ(រងរបួស) មានទីលំនៅបុរីកម្មករ ខេត្តកំពង់ស្ពឺ ចំណែករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី គ្មានស្លាកលេខ ។
មន្ត្រីប៉ូលីសរូបនោះបានបន្តថា ករណីនេះមិនដឹងថាភាគីណាមួយជាអ្នកខុសនោះទេ ដោយរង់ចាំជំនាញខាងចរាចរណ៍គេធ្វើការស្រាវជ្រាវសិន ។
ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ អូសយកទៅរក្សាទុកនៅការិយាល័រនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីធ្វើការដោះស្រាយ ៕