រាជធានីភ្នំពេញ ៖
ឆាកប្រយុទ្ធដេញវាយកាប់ចាក់គ្នា បង្កឡើងដោយក្មេងស្ទាវ ២ក្រុម នាំឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៣និង៤០ នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលេខ១៩៨៦ ក្នុងក្រុមទី៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ ផ្តើមចេញពីជម្លោះឌឺដង ពេល បណ្ដើរស្រីស្នេហ៍ ក្នុងស្ថានភាពស្រវឹងជោក ចេញពីក្លិប។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានរឿងនេះកើតឡើង ភាគីម្ខាងដែលមានគ្នា ៣នាក់ ក្នុងនោះមាននារីម្នាក់ជាសង្សារ បាននាំគ្នាដើរចេញ ពីក្លឹបកំសាន្ដមួយ តាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងអាការៈស្រវឹងខ្លាំង ដើរមិនចង់ត្រង់ផ្លូវ ស្រាប់តែលេចមុខ ក្រុមម្ខាងទៀតដែល មានគ្នា ៤នាក់ បានចោទថា ក្រុមខាងលើដែលមាន ស្រីស្នេហ៍នៅជាមួយ ឌឺដងដាក់ពួកគេ ក៏ចូលទៅបង្ករឿង កាប់បណ្ដាលឱ្យយុវជនម្នាក់ ត្រូវចំក្បាលរងរបួស។
ប្រជាពលរដ្ឋនិងអ្នកដំណើរ បានជួយអន្ដរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួន ជនសង្ស័យបានម្នាក់ រីឯបក្ខពួក ៣នាក់ផ្សេងទៀត រត់គេចខ្លួនអស់ ។ យុវជនដែលត្រូវភាគីម្ខាង កាប់បណ្ដាលឱ្យរយះក្បាលនោះ មានឈ្មោះ យី អូ អាយុ ២០ឆ្នាំ ជាចុងភៅ នៅភោជនីយដ្ឋាន សម្រស់ទឹកឈូ និងម្នាក់ទៀតឈ្មោះ អៀម វិចិត្រ ធ្វើការជាមួយគ្នា ដោយឡែកស្រីស្នេហ៍ មិនស្គាល់អត្ដសញ្ញាណនោះទេ។ រីឯជនបង្ក ដែលត្រូវចាប់ខ្លួន មានឈ្មោះ សួន វីរៈ អាយុ ២៣ឆ្នាំ ជាអ្នករត់តុ នៅហាងសាច់គោអាំង មួយកន្លែង រស់នៅភូមិតាផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល៕