ខេត្តបន្ទាយមានជ័យ ៖
នាងក្រមុំម្នាក់ដែលមាន ជំងឺសសៃប្រសាទ បានលេបថ្នាំលើសកំណត់ បណ្តាលឲ្យប្រកាច់ សន្លប់លែងដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ក្រោយមកបានដាច់ខ្យល់ ស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ
កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ កឿង ស៊ីហុង អាយុ ១៧ឆ្នាំ មានទីលំនៅ ក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹងពីសាច់ញាតិ បានឲ្យដឹងថា នាងទើបមកពីធ្វើការ នៅប្រទេសថៃ មកព្យាបាលនៅឯផ្ទះ បន្ទាប់ពីនាង ត្រូវដែកធ្លាក់ត្រូវចំក្បាល អំឡុងេពេលទៅធ្វើការសំណង់ ឯប្រទេសថៃ ក្រោយពេលនាងជាសះស្បើយ ក៏កើតជំងឺសសៃប្រសាទតែម្តង ។
នៅព្រឹកថ្ងៃកើតហេតុ នាងបានទិញថ្នាំសសៃប្រសាទ ចំនួនកូន ២ដប លេបអស់មួយដប ពេលនោះស្រាប់តែ នាងដេកប្រកាច់ សន្លប់លែងដឹងខ្លួន ត្រូវបានសាច់ញាតិ ដឹកទៅព្យាបាល នៅមន្ទីរពេទ្យ លុះវេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃដដែល នាងបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយបើតាម ការត្រួតពិនិត្យ គ្រូពេទ្យនិយាយថា បណ្តាលមកពីនាង លេបថ្នាំលើសកំណត់៕