ក្រុងប៉ោយប៉ែត ៖
បុរសម្នាក់ត្រូវបាន គេប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមស្វាយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះ មកអន្តរាគមន៍ កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤
ស្ថិតក្នុងភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឆេវ ថេន អាយុ ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិស្ថាពរ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ សក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានផឹកស្រាជាមួយបុរសម្នាក់ទៀត អស់ស្រាកីឡាកាស កន្លះដប រួចបន្តផឹកជាមួយ អ្នកនៅក្នុងភូមិ អស់ស្រាសមួយលីត្រ ទើបបុរសរងគ្រោះ ទិញស្រាអាឡិចស្យង់មួយដប ផឹកតែម្នាក់ឯង ធ្វើឲ្យវង្វេងវង្វាន់ ដើរទ្រេតទ្រោតពេញផ្លូវ ហើយក៏បាត់ជនរងគ្រោះ មិនដឹងជាទៅណា ។
រហូតដល់យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ គេមិនបានឃើញ បុរសរងគ្រោះ ដើរតាមផ្លូវដូចសព្វដងនោះទេ រហូតដល់ព្រឹកថ្ងៃកើតហេតុ ស្រាប់តែអ្នកភូមិ បានប្រទះឃើញ ចងកសម្លាប់ខ្លួន នៅលើដើមស្វាយក្បែរភូមិទៅវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅក្បែរខាង និងបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីឲ្យដឹងថា តើបុរសរងគ្រោះ មានមូលហេតុអ្វី បានជាចងក សម្លាប់ខ្លួនបែបនេះ ៕